មន្ត្រីអនុព័ន្ធយោធាស្ថានទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា (Video Inside)

សេនានុព័ន្ធស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអង់គេ្លសឲ្យកាន់តែជិតស្និទ្ធ។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងជំនួបមួយកាលពីរសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ រវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក ចេមី មូរ៉េ ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ទើបបានឡើងចូលកាន់មុខតំណែងសេនានុព័ន្ធយោធាស្ថានទូតអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។ លោកវរសេនីយ៍ឯកចេមី មូរ៉េ បានសម្តែងនូវក្តីរីករាយបានថ្លែងតាំងចិត្តថាជាមួយនឹងបទពិសោធន៍ការងារជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការប្តេជ្ញា ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងអង់គ្លេសលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។

ads banner