មេដឹកនាំអង់គ្លេស និងតួកគីពិភាក្សាអំពីជំហានដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី
អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានធ្វើកិច្ចពិភាក្សាអំពីជំហានមួយ ដើម្បីលើកកម្ពស់ចំណងទាក់ទងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ជាច្រើន នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះ។
ប្រភពបានឱ្យដឹងថា លោក អឺដូហ្កាន់ និង ស៊ូណាក់ បានធ្វើកិច្ចពិភាក្សាអំពីជំហានដែលគួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅលើវិស័យផ្សេងៗគ្នា ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មជាដើម។
ជាមួយគ្នានេះ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា គាត់សង្ឃឹមថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ នឹងបន្តស្ថិតក្រោមការណែនាំនៃការយល់ដឹងទូទៅ និងមួយទៀតគឺការចែករំលែកទស្សនវិស័យយុទ្ធសាស្ត្រ។
ថ្លែងពីបញ្ហាក្នុងតំបន់វិញ លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា ភាគីទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ ពីការបង្កើតមូលដ្ឋានឡើងវិញសម្រាប់ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា