ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បញ្ជាក់អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បាន មានប្រសាសន៍ថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ៤៤ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពល្អ ។ ហើយបញ្ហាប្រឈមនានាក្នុងដំណើរការនេះ គឺស្ទើរតែគ្មាន។

ឯកឧត្តម សោម សូរីដា បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៣ ខែធ្នូ នេះថា រយៈពេល ៤៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គឺក្រុមចុះឈ្មោះបោះឆ្នោតដែលមាន ១៦៥២ក្រុម ស្មើនឹង ១៦៥២ ឃុំ សង្កាត់ ចុះឈ្មោះជូនប្រជា ពលរដ្ឋបានចំនួនជាង ៥២ម៉ឺន នាក់ ។ ហើយកិច្ចដំណើរការបានប្រព្រឹត្ត ទៅរលូនល្អ និងស្ថិតក្នុងស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ល្អ ។ ហើយបញ្ហាប្រឈមនានាក្នុងដំណើរការនេះ គឺស្ទើរតែគ្មាន។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា បើយើងពិនិត្យមើលតួលេខប្រជាពលរដ្ឋដែល បាន ចុះឈ្មោះ បោះឆ្នោតថ្មី ធៀបជាមួយនឹងចំនួនតួលេខប៉ាន់ស្មានប្រជាពលរដ្ឋដែល អាចអញ្ជើញមកចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២នេះ គឺមានប្រមាណជា ៤១ម៉ឺន នាក់ ប៉ុន្តែឥឡូវនេះឡើងដល់ជាង ៥២ម៉ឺនននាក់ ឃើញមានចំនួនកើនឡើងជាង ១០ម៉ឺន នាក់ហើយ។ ហើយតួលេខនេះ គឺជាតួលេខខ្ពស់ តួលេខនេះក៏បញ្ជាក់អំពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះ បោះឆ្នោត ដើម្បីត្រៀម ខ្លួនសម្រាប់ការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២) ហើយនៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ គ.ជ.ប នឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។

ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់ លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ពលជ័យ

ads banner