មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងស្លូវ៉ាគី ៖ ការប្រកួតប្រជែងអំណាច បានបញ្ចេញឥទ្ធិពលអវិជ្ជមាន មកលើប្រទេសតូចៗ ដូចជាកម្ពុជា និងស្លូវ៉ាគី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី បាន យល់ ស្រប គ្នាថា ការ ប្រកួតប្រជែង អំណាច បាន បញ្ចេញ ឥទ្ធិពល អវិជ្ជមាន មក លើ ប្រទេសតូចៗ ដូច ជា កម្ពុជា និង ស្លូវ៉ាគី។ ក្នុងន័យនេះ ភាគីទាំងពីរជឿជាក់ថា វាចំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ក្រោមឆ័ត្ររបស់ស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។
ការបញ្ជាក់នេះ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅរដ្ឋធានីប្រាទីស្លាវ៉ា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ជាកិច្ចចាប់ផ្តើម រដ្ឋលេខាធិការទាំងពីរបានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសរបស់ខ្លួន ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ននៃការរាតត្បាត ជំងឺកូវីត-១៩ និងសង្គ្រាមនៅផ្នែកខ្លះក្នុងតំបន់អឺរ៉ុប។
លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំង និងរបៀបដែលរាជរដ្ឋាដ្ឋាភិបាលកម្ពុជាបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆំាងជំងឺរាតត្បាតនេះ ហើយលោកជំទាវក៏បានបង្ហាញពីកង្វល់ ជាពិសេសចំពោះសន្តិសុខនៅអឺរ៉ុប។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយសក្តានុពល តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច រួមទាំងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបន្តពង្រីកការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានជម្រាបដោយសង្ខេបអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានផ្តោតលើបញ្ហាសំខាន់ៗជាច្រើនដែលតំបន់ និងពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាតសកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារ និងថាមពលជាដើម និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដែលប្រទេសទាំងអស់អាចបង្កើតរួមគ្នា។
លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានសម្តែងការអបអរសាទយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ភាពជោគជ័យដ៏ធំធេងនៃការធ្វើជាប្រធានអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តិទៅយ៉ាងរលូន ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងសម្រាប់តួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងនាម ជា ប្រធានអាស៊ាន ក្នុងការ កាត់បន្ថយ ភាព តានតឹង ក្នុង តំបន់ ជាពិសេស វិបត្តិនៅ មី យ៉ាន់ ម៉ា ។
ភាគីទាំងពីរបានបន្តពិភាក្សាលើទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ដោយចាត់ទុកថាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់ទាំងពីរ ដោយបានចែករំលែកទស្សនៈបន្ថែមទៀតថា ចក្ខុវិស័យអាស៊ាន និងយុទ្ធសាស្ត្រសហភាពអឺរ៉ុបស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺមានចក្ខុវិស័យស្រដៀងគ្នា នោះគឺផ្តោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែនសមុទ្រ សេដ្ឋកិច្ចដែលមានការតភ្ជាប់ ធន់ ស្អាត និងយុត្តិធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបានយល់ស្របគ្នាថា ទស្សន:ឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គួរតែបំពេញបន្ថែមឱ្យទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋលេខាធិការទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។ ភាគីទាំងពីរបានជជែកគ្នាយ៉ាងស៊ីជម្រៅលើសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិនៅមីយ៉ាន់ម៉ា។
លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានលើកឡើងថា បច្ចុប្បន្ន ស្លូវ៉ាគីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងលំហូរជនភៀសខ្លួនជាបន្តបន្ទាប់។ លោកជំទាវ បានសម្តែងនូវការ ថ្លែង អំណរគុណ យ៉ាង ស្មោះស្ម័គ្រ ចំពោះ ជំហរ ដ៏ រឹងមាំ របស់ កម្ពុជា នៅ អង្គការសហប្រជាជាតិ។
ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិនយោបាយមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាបេសកជនពិសេស ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំនុច ដែលបានឯកភាពដោយថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ គឺជាកាយវិការដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រៅ ពី នេះ រដ្ឋលេខាធិការទាំងពីរក៏ភាគី ទាំង ពីរ បាន ឯកភាព គ្នា ថា កិច្ច ពិគ្រោះ យោបល់ ទ្វេភាគី លើក ទី ៣ នឹង ធ្វើ ឡើងនៅ រាជធានីភ្នំពេញ៕ ដោយ៖ពលជ័យ