ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក
ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃយសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទខេត្តតាកែវ បានថ្លៃងការកោតសរសើរចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក។
ឯកឧត្តម បន្ថែមថា កត្តាជោគជ័យទាំងអស់នេះ គឺដោយសារប្រជាពលរដ្ឋមើលឃើញការបំពេញការងាររបស់មន្រ្តីដែលជាសមាជិក គណបក្សប្រជាជនកម្ពុជា បានចុះជាប់ជាប្រចាំនៅក្នុងការដោះស្រាយរាល់ទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈមនានា នៅគ្រប់ទីកន្លែង មិនថាយប់ថ្ងៃឬស្ថានការណ៍នោះទេ។ ការថ្លែងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សកម្មជន យុវជនគណបក្ស ឃុំពារាម ឃុំត្នោត ឃុំដូង និងឃុំចំប៉ី។ ការជួបជុំនេះ រៀបចំឡើងជា ២កម្មវិធី នៅស្នាក់ការគណបក្សឃុំពារាម និង ស្នាក់ការគណបក្សឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម ក៏បានដាក់ទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សនយោបាយ សតិអារម្មណ៍ បន្តយកចិត្តទុកដាក់ចុះជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ