អ៊ីរ៉ង់ថ្កោលទោស មន្ត្រីលោកខាងលិចមួយចំនួន ដែលធ្វើកាយវិការសិទ្ធិមនុស្សក្លែងក្លាយ

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្កោលទោសមន្ត្រីប្រទេសលោកខាងលិចមួយចំនួន ដែលបានធ្វើ “កាយវិការសិទ្ធិមនុស្សក្លែងក្លាយ” ដោយ “បែងចែកអំពើភេរវកម្មទៅជាល្អ និងអាក្រក់”។

លោក Kanaani បានធ្វើការកត់សម្គាល់បែបនេះនៅលើគណនី Twitter របស់គាត់ បន្ទាប់ពីការចេញផ្សាយរបស់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានសន្យាថា នឹងផ្តល់ឱ្យប៉ូលីសអង់គ្លេសនូវអំណាចថ្មី ដើម្បីទប់ស្កាត់ការតវ៉ាខុសច្បាប់។

លោក Kanaani បាននិយាយថា ការតវ៉ាជាសាធារណៈនៅចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និងអូស្ត្រាលី គឺអាក្រក់ ហើយសមនឹងទទួលបានការឆ្លើយតបខ្លាំង ប៉ុន្តែកុបកម្មនៅក្នុងប្រទេសគោលដៅរបស់ពួកគេគឺល្អ ហើយសមនឹងទទួលបានការគាំទ្រ។ ជាមួយគ្នានេះ លោក Kanaani បាននិយាយ សើចចំអកថា ការស្លាប់គឺជារឿងល្អ ប៉ុន្តែសម្រាប់អ្នកជិតខាង។

គួរបញ្ជាក់ថា បាតុកម្មបន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។ ទន្ទឹមគ្នា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា បាន “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ”នៅក្នុងប្រទេសខ្លួន៕
ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner