ការប្រឡងបាក់ឌុបបានចាប់ផ្តើមហើយ ដោយរដ្ឋមន្រ្តីក្រសួងអប់រំចូលរួមបើកហឹបវិញ្ញាសានៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២នេះ ដោយក្នុងនេះរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមបើកហឹបវិញ្ញាសាមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ការប្រឡងដែលបានចាប់ផ្តើមនាព្រឹកនេះគេឃើញឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ។

ដោយឡែកក្នុងទិដ្ឋភាពទូទៅនៅខាងក្រៅរបងវិទ្យាល័យព្រះស៊ីសុវត្ថិវិញគេឃើញមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងកិច្ចការពារសុវត្តិភាពក៏ត្រូវបានរឹងបន្តឹងផងដែរ។បេក្ខជនគ្រប់គ្នាបានមកកាន់មណ្ឌលប្រឡងតាំងតែពីព្រឹកព្រលឹមជាមួយការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រឡងដ៏សំខាន់នៃជីវិតរបស់ពួកគេ។

ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា៖ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣នាក់ ។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner