លោក មាន វិបុលរតនៈ៖ សូមមើលសមត្ថភាព ជាជាងឃើញពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ជីវិតដែលមានពិការភាពផ្នែកកាយសម្បទាពិតជាជួបការលំបាកច្រើនទាំងកម្លាំងកាយ និងកម្លាំងចិត្ត ។ប៉ុន្តែទោះបីជាជួបការលំបាក និងការរើសអើងខ្លះៗពីសង្គមក្ដី សម្រាប់ យុវជន មាន វិបុលរតនៈ មិនដែល គិត ថានឹងបោះបង់ក្តីប្រាថ្នារបស់ខ្លួននោះឡើយ តែដូរមកវិញនូវការ ព្យាយាម តស៊ូ និងជម្នះបញ្ហាជីវិតដោយមិនរួញរា។

លោក មាន វិបុលរតនៈ មានទីកំណើតនៅរាជធានីភ្នំពេញ ។លោកជាកូនពៅក្នុងចំណោមបងប្អូន ៤នាក់។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី៩ នៅអនុវិទ្យាល័យជម្ពូវ័ន លោកបានផ្លាស់ទៅសិក្សានៅវិទ្យាល័យបាក់ទូក។ ទោះបីជាមានពិការភាពផ្នែកកាយសម្បទា(ប្រើរទេះរុញ) ក៏ពិតមែន តែលោកមិនឱ្យពិការភាពបំបាក់ទឹកចិត្តឡើយ ហើយដោយមានការជ្រោ មជ្រែងលើកទឹកចិត្តពីគ្រួសារផង លោកបានខិតខំសិក្សាដោយមិនខ្ជិលច្រអូសទេ។

លោកបានប្រាប់ពីការពិការភាពរបស់លោកថា ៖ «ខ្ញុំមានពិការភាពពីកំណើត ដោយខ្ញុំកើតចំពេលមានជំងឺ Poliyo (គ្រុនស្វិតដៃជើង) ទើបបណ្ដាលឱ្យជើងរបស់ខ្ញុំទាំងពីពិការ »។

ជីវិតជាជនមានពិការ ពិតជាមានផលលំបាក ដោយលោកមិនបានទទួលបានភាពចុះសម្រុងនឹងសង្គមប៉ុន្មានទេ លោកបានឱ្យដឹងដូច្នេះថា ៖ «ចំពោះបទពិសោធន៍ខ្ញុំផ្ទាល់ ខ្ញុំជួបបញ្ហា និងឱកាសជាច្រើន ទាំងការទទួលបានការអប់រំ ការរើ សអើងពីមិត្តរួមថ្នាក់ ការធ្វើដំណើរច្រើន អ្នកភូមិផង មិនសូវរាប់អាននិងចូលចិត្តខ្ញុំ ជាដើម។ នេះជាបញ្ហាដែលខ្ញុំជួបប្រទះអំឡុងពេលសិក្សា»។

លោកបានបន្តថា ការធ្លាក់ទឹកចិត្តមិនថាតែជនមានពិការភាពទេដែលជួបប្រទះ សូម្បីតែអ្នកដែលមិនពិការ ក៏ធ្លាប់ឆ្លងកាត់ដែរ ទោះតិចឬច្រើន ប៉ុន្តែក្រឡេកមកមើលជនមានពិការភាពវិញ គឺទទួលបានបញ្ហានេះទ្វេដង ដូចជា បញ្ហាជីវភាព ការរើសអើងពីគ្រួសារ និងសហគមន៍ និង មានចំណុចជាច្រើនទៀត។

លោក មាន វិបុលរតនៈ បានប្រាប់ថា ៖ «តែចំពោះខ្ញុំមិនបានជួបបញ្ហាទាំង នេះច្រើនទេ ព្រោះខ្ញុំទទួលបានការលើកជំរុញលើកទឹកចិត្តខ្ពស់ពីគ្រួសាររបស់ខ្ញុំ ពិសេសឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ»។

ថ្វីបើមានការលើកទឹកចិត្តពីគ្រួសារក៏ពិតមែន ប៉ុន្តែលោកក៏ជួបបញ្ហាតូចចិត្តខ្លះដែរ គឺដោយសារការរើសអើង។ នេះជាកត្តាធំមួយដែលធ្វើឱ្យលោកខូចចិត្ត ដោយសារពេលដែលលោកទៅសាលា គ្រួសារក៏មិនបានដឹងថាលោកជួបបញ្ហាអ្វីខ្លះនោះទេ ហើយបញ្ហាទាំងនោះក៏លោកមិនបានលើកយកមកនិយាយឱ្យឪពុកម្ដាយ បងប្អូនលោកបានដឹងដែរ ដោយហេតុថាលោកមិនចង់បន្ថែមបន្ទុកឱ្យគ្រួសារលោកឡើយ ព្រោះលោកគិតថាលោកជាបន្ទុកស្រាប់ទៅហើយ។

មកដល់បច្ចុប្បន្ន លោក វិបុលរតនៈ អាចធ្វើអ្វីស្ទើរតែគ្រប់យ៉ាងបានដោយខ្លួនឯង។
លោកបានបញ្ជាក់ថា ៖ «ពីមុនមក ខ្ញុំគិ ត ថា ខ្ញុំជាបន្ទុកសម្រាប់គ្រួសាររួចហើយ ទាំងការសិក្សា ការហូបចុក ការស្លៀកពាក់ជាដើម។ បច្ចុប្បន្នខ្ញុំមិនត្រូវការជំនួយពីគ្រួសារទៀតទេ ដោយសារតែកាលពីខ្ញុំនៅតូច គ្រួសារតែងតែផ្ដល់ឱកាសឱ្យខ្ញុំធ្វើអ្វីដោយខ្លួនឯង ទាំងការស្លៀកពាក់ ការធ្វើដំណើរ ការចូលបន្ទប់ អ្វីទាំងអស់គាត់ឱ្យខ្ញុំរៀនធ្វើខ្លួនឯង ទោះបីមើលទៅលំបាក ប៉ុន្តែគាត់នៅតែឱ្យធ្វើ ព្រោះគាត់ប្រាប់ថា ពេលអត់ពីពួកគាត់ទៅ កូនគាត់ម្នាក់នេះអាចរស់នៅដោយឯករាជ្យខ្លួនឯងបាន»។

លោកបានផ្ដាំផ្ញើថា សម្រាប់លោកផ្ទាល់ដែលលោកកំពុងរស់នៅជាមួយនឹងភាព ពិការភាពនេះ លោកសូមឱ្យឪពុកម្ដាយដែលមានកូន ពិការរាងកាយណាមួយ ទោះបីជាជីវភាពក្រីក្រលំបាកយ៉ាងណាក្ដី សូមជំរុញលើកទឹកចិត្តឱ្យកូនចេះតស៊ូក្នុងការ សិក្សាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះបើគ្មានការសិក្សាទេ នឹងកាន់តែពិបាកក្នុងការរស់នៅ។

មួយទៀត ទោះបីកូនមិនបានរៀនខ្ពង់ខ្ពស់ សូមលើកទឹកចិត្តគាត់ឱ្យកូនចាប់យកជំនាញផ្សេង ដោយធ្វើយ៉ាងណាឱ្យគាត់អាចមានចំណេះជំនាញដែលអាចបង្កើតមុខរបរ អាចស្វែងរកការងារដោយស្របច្បាប់។ លោកមាន វិបុលរតនៈ បាន លើកឡើងថា ៖ «សូមមើលឃើញសមត្ថភាព ជាជាងឃើញពិការភាព នេះជាអ្វីដែលខ្ញុំចង់ឱ្យបងប្អូនដែលពិការ ដូចខ្ញុំ ក៏ដូចជាមនុស្សទូទៅបានដឹង។ មួយទៀត សូមផ្ដល់ឱកាស និងលើកទឹកចិត្តដល់ជនដែលមានពិការភាពដើម្បីឱ្យគាត់បានបញ្ចេញសមត្ថភាព និងលុបបាត់ឧបសគ្គរារាំង និងគោរពសិទ្ធិស្មើភាពរបស់ជនមានពិការភាពក្នុងសង្គម»។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក មាន វិបុលរតនៈ ជាបុគ្គលិកបម្រើការក្នុងអង្គការជនពិការកម្ពុជាមួយនៅរាជធានីភ្នំពេញ។ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសផ្នែកច្បាប់ ពីសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ការរើស អើងសម្រាប់លោកបានល្អប្រសើរ ព្រោះរាជរដ្ឋាភិបានបានយកចិត្តទុកដាក់ចំពោះជនមានពិការភាព រួមទាំងបានការគាំទ្រពីគ្រួសារ និងមិត្តភក្តិនៅកន្លែងការងារ ផងដែរ៕
ដោយ:ហួន ស៊ីឡូន

ads banner