រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សប្រឡងបាក់ឌុបមិនមានយកសំណៅឯកសារចូល និងកាន់តែគោរពបទប្បញ្ញត្តិបានល្អ
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងថាក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ដែលជាថ្ងៃដំណើរការប្រឡងដំបូងនេះក្រសួងកត់សម្គាល់ឃើញថាសិស្សគោរពវិន័យបានល្អ និងមិនមានយកសំណៅឯកសារចូលមណ្ឌលប្រឡងឡើយ។
ថ្លែងក្នុងពេលចូលរួមក្នុងពីធីបើក ហឹបវិញ្ញាសារប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖កាលពីមុននេះមានសិស្សប្រឡងជំនួសតិចតួចដែលមាន២ទៅ៣នាក់ និងសិស្សមួយចំនួនបើកចម្លងឯកសារ ប៉ុន្តែចាប់ពីឆ្នាំ ទី២និងទី៣មកគឺ សិស្សអនុវត្តវិន័យបានល្អ ។នាពេលបច្ចុប្បន្នេះដែរសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រ និងអនុវត្តទៅតាមបទប្បញ្ញត្តិ នៃការប្រឡងបានត្រឹមត្រូវ។
ឯកឧត្តមានប្រសាសន៍ថា “ក្នុងរយៈពេល៥ទៅ៦ឆ្នាំនេះយើងមិនឃើញមានបាតុភាពយកសំណៅឯកសារចូលទេ។ផ្ទុយគ្នានេះវិញបើយើងក្រឡេកទៅមើលឆ្នាំទី១គឺអនុរក្សរបស់យើងបានប្រមូលសំណៅឯកសារទាំងការ៉ុងៗទាំងប៉ាវៗហ្មងណា!តែបច្ចុប្បន្ននេះយើងឃើញហើយថាអត់មានទេ។ឆែកក៏អត់មានដែរមានន័យថាសិស្សបានគោរពបទប្បញ្ញត្តិ នៃការប្រឡងត្រឹមត្រូវ”។
ឯកឧត្តមរដ្ឋមន្រ្តីបានប្រសាសន៍ដែរថា ទាំងនេះជាការបង្ហាញពីការវិវត្តមួយដែលលើសពីអ្វីដែលរំពឹងទុកទៅទៀត ។ អញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំវិន័យសិស្សគោរពបានល្អនិង សំខាន់បំផុតគាត់ខិតរៀនសូត្រ ។ ហើយអញ្ចឹងផ្តល់ឱកាសឱ្យសិស្ស គាត់មកពីទីជនបទហ្នឹងក៏អាចប្រឡងជាប់ ហើយប្រឡងចូលគ្រូ ។ បើតាមក្នុងគុរុសិស្សវិញគឺប្រមាណជិត ៩០ហើយមកពីតាមទីជនបទ ។ អញ្ចឹងមានន័យថា គាត់ខិតខំរៀនសូត្រ គាត់ប្រឡងជាប់គឺគាត់អាចធ្វើជាគ្រូនិងបំពេញកិច្ចការងារផ្សេងៗទៀត”។
គួរបញ្ជាក់ថា៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ


