លោក ទី សុផល ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជំនួសលោក សាន់ ដារិទ្ធ ដែលត្រូវថ្នាក់ដឹកនាំប្រគល់ភារកិច្ចជាអភិបាលរងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មី នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្ដល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួន ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូន។
ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា សម្រាប់មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី កន្លងមក ក្រោមការដឹកនាំរបស់លោក សាន់ ដារិទ្ធ មានការអភិវឌ្ឍន៍រីកច្រើន ទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយ រួមមានបញ្ហាសកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យ ការសម្របសម្រួលដល់ក្រុមហ៊ុនរុករករ៉ែមាស ស្របច្បាប់ ឲ្យមានដំណើរការ ការផលិតថ្មសំណង់សម្រាប់បម្រើផលប្រយោជន៍ក្នុងមូលដ្ឋាន និងកិច្ចជាច្រើនផ្សេងទៀត ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលកន្លងមក និងសូមសំណូមពរ ឲ្យបន្តអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបម្រើ ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានកាន់តែល្អប្រសើរ លើវិស័យធនធានរ៉ែ និងថាមពល ក្នុងគោលបំណង ចូលរួមចំណែក ក្នុងការកសាង និង អភវិឌ្ឍន៍ប្រទេស ជាតិ នាពេលអនាគត ។
សូមបញ្ជាក់ថា លោក ទី សុផល អតីតអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជំនួសលោក សាន់ ដារិទ្ធ ដែលត្រូវថ្នាក់ដឹកនាំប្រគល់ភារកិច្ចជាអភិបាលរងខេត្តមណ្ឌលគិរី៕ ពលៈ