ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំនេះ ដោយលើកឡើងពីការរំពឹងទុកដ៏មុតមាំរបស់ឯកឧត្ដមថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការរួមចំណែករបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៅក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។ ការលើកឡើងទាំងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការចូលជួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដោយក្តីរីករាយអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកម្ពុជា ការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងជំនួយរបស់កូរ៉េក្នុងវិស័យសុខាភិបាល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ជាពិសេសលើវិបត្តិនៅមីយ៉ាន់ម៉ា និងស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង បានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំ និងការរៀបចំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner