សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ នេះបើតាមរយៈការបង្ហោះរូប ភ្ជាប់ដោយសំណេរលើបណ្ដាញ សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។
សម្ដេចតេជោ បានបង្ហោះរូបភាព ភ្ជាប់ដោយសំណេរដូច្នេះថា៖ កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួុយខ្សែទៀត តភ្ជាប់ពីភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម។ ជាមួយគ្នានេះសម្ដេច ក៏សូមអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងបុណ្យសមុទ្រនៅក្រុងព្រះសីហនុថ្ងៃ១០ ធ្នូ ២០២២។
សូមជម្រាបថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាត ក្លឹបឆ្នេរសមុទ្រស្អាតដាច់គេលើលោក ប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ នៅខេត្តព្រះសីហនុ មានស្តង់ពិព័រណ៍ ផលិតផលនិងម្ហូបអាហារចំនួន៣៥០ស្តង់ ដែលក្នុងនេះ ចំនួន៣០០ស្តង់ ជារបស់ក្រុមហ៊ុនឯកជន និង ៥០ស្តង់ជា របស់ស្ថាប័នរដ្ឋ។
តាមកម្មវិធីពិធីបុណ្យសមុទ្រដែលរៀបចំធ្វើនៅទីលានតេជោ ចាប់ផ្តើមបើកជាផ្លូវការនៅល្ងាចថ្ងៃទី១០ខែធ្នូ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន ការបាញ់កាំជ្រួច និងមានការសម្តែងសិល្បៈចម្រុះ។ នៅក្នុង ពេលជាមួយគ្នា នឹងការប្រារព្ធពិធីបុណ្យសមុទ្រនេះ ក៏មាន បើកមហាសន្និបាទក្លឹបឆ្នេរសមុទ្រដែលស្អាតដាច់គេ លើលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូផងដែរ៕
ដោយ៖ វណ្ណលុក