មន្ត្រីកម្ពុជា និងអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ (Video Inside)

មន្ត្រីកម្ពុជា និងមន្ត្រីសហរដ្ឋអាមេរិក បានប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ខណៈភាពចម្រូងចម្រាសរវាងអតីតកម្មករធ្វើបាតុកម្មនៅក្រុមហ៊ុនកាស៊ីណូណាហ្គា នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ីត សំហេង និង ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិកលោក អាឡាន់ ស៊ីម៉ូណែត Alan Symonette កាលពីរសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាផ្លាស់ប្តូរបទពិសោធន៍លើករណីវិវាទការងារក្រៅប្រព័ន្ធតុលាការនេះ និងបានជជែកលើបញ្ហាសំខាន់មួយចំនួន។

ជំនួបពិភាក្សាបានផ្តោត លើការបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល, នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងជុំវិញស្ថានការណ៍ នៃវិស័យការងាររបស់កម្ពុជា និងការប្តេជ្ញារបស់កម្ពុជាក្នុងការអនុវត្តច្បាប់។

បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ជុំវិញកិច្ចសហការជាមួយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាជាបន្តថែមទៀត។

ads banner