ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ចាប់អារម្មណ៍ហេដ្ឋារចនាសម្ព័ន្ធលេចធ្លោសំខាន់ដែលមាននៅក្នុងក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ នៅក្នុងដំណើរ ទស្សនកិច្ចក្នុងទីក្រុងនេះធ្វើឡើនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមបទឧទ្ទេសនាមដោយឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ អមដោយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ។
ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ នូវការអភិវឌ្ឍន៍រីកចម្រើន របស់ខេត្តព្រះសីហនុ ទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទេសភាព ធម្មជាតិ ដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងគ្រាដែល កម្ពុជាបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលមានចំនួនសរុប ១៣០នាក់ ធ្វើទស្សនកិច្ចនៅទីក្រុងព្រះសីហនុ និងទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា ក្នុងឱកាសសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។
បវរកញ្ញាចក្រវាល (Miss Universe) កញ្ញា ស្វេលីយ៉ា ដា ស៊ីលវ៉ា អេនតូនីញ៉ូ (Swelia Da Silva Antonio) ដែលជាតំណាងប្រតិភូឆ្នេរ នៃប្រទេស អាំងហ្គោឡា មកពិទ្វីបអាហ្រ្វិក បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ។ កញ្ញាបានបន្តថា ការស្ថាបនានៅខេត្តព្រះសីហនុនេះ គឺបានបង្ហាញភាពអស្ចារ្យនៃទីក្រុងព្រះសីហនុ ពិសេសវប្បធម៌ដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ថាបនាផ្លូវដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយបានទុកអោយមានដើមឈើនៅកណ្តាលផ្លូវ ហើយដើមឈើប្រៀបដីដូចជាបេះដូច ដែលកម្ពុបានប្រសិទ្ធនាមថា ដើមឈើចាំស្នេហ៍។
កញ្ញាបានបន្ថែមថា យើងមកទីនេះ គឺមិនមែនដើម្បីរំខានធម្មជាតិនោះទេ គឺរក្សានិរន្តរភាពធម្មជាតិទាំងអស់គ្នា។ ជាមួយគ្នានេះ កញ្ញាបានបង្ហាញការរៀបចំប្រព័ន្ធចម្រុះទឹកកខ្វក់ របស់មន្រ្តីរាជរដ្ឋាភិបាល ទៅលើការងារអភិរក្សជីវចម្រុះផងដែរ។
គណៈប្រតិភូក៏បានទៅទស្សនកិច្ចនៅទីតាំងអាងចម្រុះទឹកកខ្វក់ក្នុងក្រុង ឆ្នេរអូរឈើទាល ដើរទស្សនាឆ្នេរសមុទ្រនៅពយជំទាវម៉ៅ ឆ្នេរអូរត្រេះ រួចហើយបន្តទៅដើមឈើចាំស្នេហ៍ បដិមាព្រះថោងនាងនាគ ព្រមទាំងទស្សនាហេដ្ឋារចនាសម្ពន្ធផ្លូវ និងការតុបតែងលម្អទីក្រុងនាពេលរាត្រីផងដែរ។
លោក ជុក ជំនោរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការរៀបចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះ គឺដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ថា កម្ពុជាមានការគិតគូរច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលស័ក្តិសមជាសមាជិកភាពក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសាកលលោក បន្ទាប់បានចូលជាសមាជិកក្លិបឆ្នេររយៈពេល១០ឆ្នាំ។
ជាមួយគ្នានោះដែរ កម្ពុជាក៏ចង់ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទាំងនេះទៅកាន់ប្រតិភូក្លិបឆ្នេរផងដែរ ហើយសង្ឃឹមថាប្រតិភូក្លិបឆ្នេរនឹងទទួលបានជាបទពិសោធន៍ ចំណេះដឹង និងយកជាគំរូក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ឆ្នេររបស់ពួកគេ។
ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។
នៅថ្ងៃទី១០ ខែធ្នូនេះផងដែរ ប្រតិភូក្លិបឆ្នេរទាំង១៣០រូបនឹងចូលរួមក្នុងពិធីបើកជាផ្លូវការនូវសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅសណ្ឋាគារសុខាប៊ិច ក្រុងព្រះសីហនុ ដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ ង៉ាន់ ទិត្យ