សម្ដេចតេជោ៖ ម៉ោង១០យប់នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចនៅបារាំង

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ម៉ោង១០យប់នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។

សម្ដេចតេជោ បន្តថា ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុប ដែលបានចេញសារគាំទ្រដំណើររបស់ខ្ញុំ និងត្រៀមមកស្វាគមន៍ខ្ញុំនៅប្រុចសែល។

សម្ដេចបន្ថែមថា ខ្ញុំសង្ឃឹមថា នឹងបានសំណេះសំណាលជាមួយបងប្អូន នៅល្ងាចថ្ងៃ១២ ធ្នូ ២០២២ នៅប្រុចសែល តាមការគ្រោងទុក។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ផ្សេងទៀតផងដែរ។

កិច្ចប្រជុំពេញអង្គនៃជំនួប កំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិ ការ អាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

អំឡុងពេលនៃ កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន នឹងត្រូវបានរៀបចំ ឡើង រួមមាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា ។

នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។

សម្តេចតេជោ ក៏នឹងអញ្ជើញ ចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាង ក្រុមហ៊ុន Vinci Airport ។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសា អាហារការងាពេលព្រឹក ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិ ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner