រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖កម្ពុជារំពឹងថាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ២០២៣

ព្រះសីហនុ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តិក្រសួងទេសចរណ៍ «កម្ពុជារំពឹងថាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ២០២៣» តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល ១០ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២២នេះ តំបន់ឆ្នេររំពឹងទទួលបានទេសចរផ្ទៃក្នុងសរុបប្រមាណ ៦,៣០ លាននាក់ កើនឡើង ១៩២% ប្រៀបធៀបឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិប្រមាណ ៥,៨៥ លាននាក់ កើនឡើង ១៨៥% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៤៥ ម៉ឺននាក់ កើនឡើង ៣១០%។ ដោយឡែក ខេត្តព្រះសីហនុនឹងទទួលបានទេសចរផ្ទៃក្នុងសរុបប្រមាណ ៣,៦៥ លាននាក់ កើនឡើង ២២៦% ប្រៀបធៀបឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិប្រមាណ ៣,៣០ លាននាក់ កើនឡើង ១៩៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣៥ ម៉ឺននាក់ កើនឡើង ៣៤០%។

ឯកឧត្តម រដ្ឋមន្រ្តីបានបន្ថែមថា ទន្ទឹមនឹងនេះ កម្ពុជាត្រូវបង្កើននូវកិច្ចខិតខំការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្តនៅតំបន់ឆ្នេរសមុទ្ររបស់យើងឲ្យហ្មត់ចត់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលយើងប្រសិទ្ធនាមថា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ” ហើយឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា “តារារះនាទិសនិរតី” ផងដែរ។ ទាំងនេះជាកិច្ចការចំពោះមុខ ពីព្រោះកម្ពុជា ក៏ដូចជាពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាស្មុគស្មាញមួយចំនួន ដែលចាំបាច់ត្រូវពិចារណាដោះស្រាយ ក្នុងនោះមានការរៀបចំហេដ្ឋារចនាសម័្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ និងតំបន់រណប បញ្ហាសំណល់រឹង និងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវ ហើយដែលបញ្ហាទាំងអស់នេះ ស្ថិតជាកម្មវត្ថុសំខាន់នៃសន្និសីទអន្តរជាតិនាថ្ងៃនេះ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស ដែល ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី “ការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ” នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ។

ឯកឧត្តម បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តីក្រសួសទេចរណ៍ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក ពិសេសបានគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន។ ឯកឧតត្តម រដ្ឋមន្រ្តីបាបន្ថែមថា តាមរយៈ ការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍លើការងារអភិវឌ្ឍ និងអភិរក្សឆ្នេរសមុទ្រ ពីសំណាក់វាគ្មិនល្បីៗរបស់ក្លឹប របស់ពិភពលោក នៅក្នុងឱកាសនេះ កម្ពុជាក៏អាចនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្តចាំបាច់នានាបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ពិសេសក្នុងបរិបទដែលយើងទាំងអស់គ្នាត្រូវបន្តបន្សាំខ្លួនរស់នៅក្នុងគន្លងថ្មីៗផងដែរ៕ដោយ:ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner