លោក ហ្សេលេនស្គី ចោទរុស្ស៊ីប្រើយន្តហោះដ្រូនអ៊ីរ៉ង់វាយប្រហារអ៊ុយក្រែន បណ្តាលឱ្យប្រជាជន ១.៥លាននាក់គ្មានអគ្គិសនីប្រើ
ម៉ូស្គូ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ី ជុំវិញការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Odesa ដោយប្រើប្រាស់យន្តហោះដ្រូនចម្បាំងរបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការដាច់អគ្គិសនីទ្រង់ទ្រាយដ៏ធំ។
នៅក្នុងសារជាវីដេអូមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ស្ថានភាពនៅក្នុងតំបន់ Odesa គឺពិបាកខ្លាំងណាស់ បន្ទាប់ពីការវាយប្រហារនៅពេលយប់ដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បណ្តាលឱ្យទីក្រុង និងភូមិមួយចំនួននៃតំបន់នេះ ស្ថិតនៅក្នុងភាពងងឹត ខណៈមនុស្សជាង ១.៥លាននាក់ក្នុងតំបន់គ្មានអគ្គិសនីប្រើប្រាស់។
លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនចំនួន ១៥គ្រឿងវាយប្រហារលើទីក្រុង Odesa ស្ទើរពេញមួយយប់ ដោយលោកបានហៅសកម្មភាពរបស់រុស្ស៊ីថា ការគំរាមកំហែងដោយចេតនា និងការប៉ុនប៉ងដោយចេតនា ដើម្បីបង្កគ្រោះមហន្តរាយដល់ទីក្រុងនេះ ។
ទន្ទឹមគ្នា រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ការវិភាគពីចារកម្មរបស់ខ្លួនបង្ហាញថា រុស្ស៊ី និងអ៊ីរ៉ង់កំពុងពិចារណាបង្កើតខ្សែសង្វាក់ដំឡើងយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ី។ បើតាមមន្ត្រីអាមេរិក រុស្ស៊ីអាចនឹងផ្តល់ឱ្យអ៊ីរ៉ង់នូវឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាស ជាថ្នូរនឹងយន្តហោះដ្រូន ខណៈដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកំពុងប្រុងប្រយ័ត្ន ចំពោះទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា