លោក ពូទីន និងមេដឹកនាំតួកគីពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធុញ្ញជាតិ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងថាមពលរួមគ្នា ជាពិសេសនៅក្នុងឧស្សាហកម្មឧស្ម័ន និងការបន្តផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើមរបស់លោក ពូទីន ក្នុងការបង្កើតមជ្ឈមណ្ឌលឧស្ម័នក្នុងតំបន់នៅប្រទេសតួកគី។
បន្ថែមលើនេះ លោក ពូទីន និងលោក អឺដូហ្កាន់ ក៏បានពិភាក្សាអំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែកក្កដា ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកផងដែរ។
សូមរម្លឹកថា លោក ទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះថា រុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹងបដិសេធមិនលក់ប្រេងទៅឱ្យប្រទេសណា ដែលកំណត់តម្លៃប្រេងរបស់លោកខាងលិចលើប្រេងរបស់ខ្លួន។ ការអះអាងនេះកើតមានឡើងបន្ទាប់ពីក្រុមប្រទេស G7 និងអូស្ត្រាលីបានព្រមព្រៀងគ្នា ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៉ីឲ្យនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា