សម្ដេចក្រឡាហោម ៖ កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី មានប្រសាសន៍ទៀតថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីចៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើននូវ វឌ្ឍនភាពក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

ពិធីអនុសំវច្ចរមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពីថ្ងៃចន្ទ ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១២ – ១៣ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យលើលទ្ធផលនៃការអនុវត្តប្រកាសរបស់អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសានាមានការរីកចម្រើន ៕ ដោយ- រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner