ត្រីគល់រាំង ប្រភេទត្រីយក្សមានទម្ងន់ចាប់ពី ១៥០-៣០០ គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ម៉ែត្រ

ភ្នំពេញ៖ ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។

បើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ត្រីគល់រាំងវាជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី ៣ ប្រភេទនៅកម្ពុជាក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។ វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។

ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពី ការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner