សមត្ថកិច្ចបញ្ជូនតែសំណុំរឿង មិនបញ្ចូនជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីស្ពានជ្រោយចង្វារ បណ្តាលឱ្យមនុស្ស២នាក់រងរបួស និងកុមារអាយុ៦០ថ្ងៃស្លាប់
ភ្នំពេញ ៖ បេីតាមការបញ្ចាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វាចាស់ដែលបណ្ដាលឱ្យមនុស្សពីរនាក់រងរបួសនិងកុមារអាយុ៦០ថ្ងៃស្លាប់ក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង០២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២២ ហើយតំណាងអយ្យការបានស៊ើបអង្កេតលើសំណុំរឿងនេះរួចរាល់ហើយ នៅឡើយតែម្ចាស់រថយន្តដែលជាជនបង្កមិនទាន់បញ្ជូនខ្លួនមកកាន់សាលាដំបូងនៅឡើយនោះទេ។
នៅក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។
ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហេីយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។
បច្ចុប្បន្នកុមារអាយុ៦០ថ្ងៃបានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង៨ និង ១០នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ហើយសពត្រូវបានយកទៅប្រារព្ធពិធីបុណ្យនៅវត្តទួលសង្កែ ៕ ដោយ ៖ ស៊ូ ប៊ុនធី




