ក្រសួងការងារដាក់ឱ្យប្រើប្រាស់នូវ«សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ»
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា«សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារ សម្រាប់ពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ។
ការបញ្ជាក់របស់ ឯកឧត្តម អ៊ិត សំហេង បែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្នុងពេលអញ្ញើញចូលរួម ប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់សៀវភៅ គោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និង ក៏ជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀត ក្រោមគម្រោងរបស់អង្គការ GIZ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ៕ ដោយ ៖ ម៉ាដេប៉ូ

