បុត្រីនាយករដ្ឋមន្ត្រីលោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំគ្រូពេទ្យ ជាង១០០នាក់ ព្យាបាលជំងឺជូនពលរដ្ឋនៅកោះរ៉ុង

ព្រះសីហនុ៖ បុត្រីនាយករដ្ឋមន្ត្រីលោកជំទាវ ហ៊ុន ម៉ាណា បាន ដឹកនាំគ្រូពេទ្យជាង១០០នាក់ ទៅព្យាបាលជំងឺជូន ពលរដ្ឋ លើកោះរ៉ុង ដោយមិនគិតថ្លៃ។ ក្រុមគ្រូពេទ្យបានទៅដល់ទី តាំងព្យាបាលកាលថ្ងៃទី១០ ខែធ្នូ ចុងសប្ដាហ៍កន្លងទៅនេះ។ នោះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ។

លោកជំទាវ ហ៊ុន ម៉ាណា ដែលកាន់ការជាអគ្គនាយិកា ស្ថានីយ វិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត វេជ្ជសាស្ត្រ សម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់ កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ទីតាំងពិនិត្យនិងព្យាបាល នៅក្នុងរីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។

រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ៖« មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់ នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ មុននឹងពិនិត្យព្យាបាល និងពេលថ្ងៃត្រង់ទទួលបាយឱ្យ ប្រជាពលរដ្ឋ ទទួលទាន បន្ទាប់ពិនិត្យរួច និងអ្នករងចាំពិនិត្យ ព្យាបាល។ ក្រុមការងារបានចែកវ៉ែនតាសម្រាប់លោកយាយ លោកតាចំនួន៣៥០នាក់ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស ជាច្រើននាក់ ខោអាវលោកយាយលោកតា និងចែករទេះរុញ សម្រាប់ ជន ពិការ ជាដើម»។

កោះរ៉ុងជាក្រុងមួយទើបបង្កើតថ្មីនៅដីកោះនាខេត្តព្រះសីហនុ។ប្រភពពីអាជ្ញាធរសុខាភិបាលឱ្យដឹងពលរដ្ឋដែលមានជីវភាពក្រីក្រនៅកោះរ៉ុងមិនសូវទទួលបានសេវាពិនិត្យសុខភាពនោះឡើយ ដោយសារកត្តាចំណេះដឹង និងបញ្ហាជីវភាព(ការធ្វើដំណើរ ត្រូវចំណាយប្រាក់ច្រើន)ជាដើម។

ពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំងនោះភាគច្រើនជាអ្នកនេសាទនិងកម្មករស៊ីឈ្មួលនេសាទេ។ល។។

របាយការណ៍ពីក្រុមការងារមនុស្សធម៌នេះបង្ហាញថា ប្រជា ពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១,៤៩៨នាក់ រួមមាន ៖ ការវះកាត់តូច ចំនួន៣២នាក់ ពិនិត្យព្យាបាលរោគស្ត្រីចំនួន៤៦នាក់ ពិនិត្យជំងឺទូទៅ ចំនួន៦៣០នាក់ ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន០៦នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២០០នាក់ ផ្នែកត្រចៀក ច្រមុះបំពង់ក ចំនួន៣៤ ចែកថ្នាំទំលាក់ដង្កូវពោះវៀន ១៣០ នាក់ ចែកវ៉ែនតាចំនួន៣៥០នាក់ ចែកកាតាប និងសម្ភារសិក្សា ដ៏សិក្សានៅសិស្សចំនួន ៣៩០នាក់ ចែករទេះជនពិការ ចំនួន១០គ្រឿង កញ្ចប់ឃីតអំណោយលោកហ៊ុនសែន និងភរិយា ចំនួន៤០០នាក់ និងអប់រំសុខភាពដល់ប្រជាជន មួយចំនួនទៀត៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner