អធិការបតីអាល្លឺម៉ង់ថា នឹងបន្តពិភាក្សាជាមួយលោក ពូទីន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះអ៊ុយក្រែន
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ថ្លែងថា គាត់នឹងបន្តការនិយាយទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រោះលោកចង់ស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន។
លោក សូលស៍ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Potsdam ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា ជម្លោះនេះនឹងមិនកើតឡើងទេ ប្រសិនបើភាគីទាំងពីរមិនបញ្ឈប់ការចរចាគ្នាទៅវិញទៅមក។ ដូច្នេះខ្ញុំនឹងបន្តពិភាក្សាជាមួយគាត់ (លោក ពូទីន)។ បន្ថែមលើនេះ លោក សូលស៍ ក៏បានសរសើរពីរិយាបថដ៏ល្អរបស់លោក ពូទីន ចំពោះអាល្លឺម៉ង់ផងដែរ ហើយថា មេដឹកនាំរុស្ស៊ីរូបនេះតែងតែមានសុជីវធម៌ ក្នុងអំឡុងការសន្ទនារបស់ពួកលោក។
អធិការបតីអាល្លឺម៉ង់រូបនេះបន្ថែមថា ជំហររបស់លោក ពូទីន បានផ្លាស់ប្តូរតាមវិធីជាច្រើន ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈមក ហើយគាត់ក៏បានចោទរុស្ស៊ីដែរថា មានបំណងដណ្តើមយកទឹកដីអ៊ុយក្រែនមួយផ្នែកដោយកម្លាំងយោធា។
ការអត្ថាធិប្បាយរបស់លោក សូលស៍ ខាងលើនេះ កើតមានឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់គាត់ជាមួយលោក ពូទីន កាលពីថ្ងៃទី២ ខែធ្នូ។ បើតាមវិមានក្រឹមឡាំង លោក ពូទីន និងលោក សូលស៍ បានពិភាក្សាអំពីទិដ្ឋភាពផ្សេងគ្នានៃស្ថានភាពនៅអ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៊ីបានពន្យល់ពីជំហររបស់ទីក្រុងម៉ូស្គូយ៉ាងលម្អិត៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា


