គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិ
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរបស់ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និង ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ៦រូប បាន ទទួលជួបជាមួយប្រតិភូគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សរួមជាមួយសហការី រួមមាន អនុប្រធានគណបក្ស អគ្គលេខាធិការ និងអគ្គលេខាធិការរង គណបក្ស សរុបចំនួន ៧រូប ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរចំនួន ៣ចំណុច រួមមាន៖ ១សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬ សញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជប។
២. សូមឱ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ជាធារណៈ នៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកក់របដល់ថ្ងៃ ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែកជូនភ្នាក់ងារគណបចំនយោបាយ ដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ គណបក្សទាមទារយ៉ាងទទូច សូមឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការ ពាក់ព័ន្ធនឹងទម្រង់បែបបទ ១១០២។
៣. លិខិតបញ្ជាក់បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់៖ សូមលុបប្រការ ៤.៥ ចំណុច ៤.៥២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្តល់សុពលភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅហើយ។
ក្រុមការងារ គជ.ប ក៏បានពន្យល់ហេតុផលតាមផ្លូវច្បាប់នូវចំណុចនីមួយៗដែលភាគី គណបក្សបានលើកឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានកត់ត្រារាល់ចំណុច ដែលគណបក្សបានលើកឡើង ដើម្បីទុកជូនសមាជិក គ.ជ.ប ទាំង ៩រូប ពិនិត្យ និងសម្រេច។
ភាគីគណបក្សបានជម្រាបបន្តថា អ្វីដែលគណបក្សលើកឡើង គឺជាចំណុចដែលមានស្នើ ឡើងជាលាយលក្ខណ៍អក្សរ ហើយបញ្ហាដែលនៅសេសសល់ អាចនឹងត្រូវគណបក្សលើកឡើងនៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំរួមរវាង គ.ជប ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅអស់រយៈពេលប្រមាណជិត ២ម៉ោង ប្រកបដោយរលូន និងយោគយល់គ្នាទៅវិញទៅមក ៕ ដោយ-រ៉ាវុធ



