រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើពិធីបួងសួងដើម្បីរៀបចំមហាព្រឹត្តិការណ៍ «រាត្រីចងចាំ»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើពិធីបួងសួងនៅបរិវេណខាងក្រោយ ប្រាសាទអង្គរវត្ត (អង្គរតូច) ដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» ។ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ លើ ទឹកដី អង្គរនៃខេត្តសៀមរាប ក្នុងការអបអរសាទរខួប៣០ឆ្នាំនៃ ការដាក់ បញ្ចូល តំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោក។

មហាព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញជូនទស្សនិកជន បាន ទស្សនា នូវទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ អំពីបេតិក ភណ្ឌវប្បធម៌រូបី និងអរូបី ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត ៣០០នាក់។

បើតាម លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាន ប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ថា បន្ទាប់ពីមានការបួងសួងរួចរាល់ មហាព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅថ្ងៃស្អែកដែលជាថ្ងៃទី១ ដោយ មានការរៀបចំកម្មវិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គ ហើយកម្មវិធី បន្ទាប់មក គឺការបង្ហាញពិព័រណ៍សមិទ្ធផលការងាររយៈពេល ៣០ឆ្នាំនៃ អាជ្ញាធរជាតិអប្សរា។

ចំពោះកម្មវិធីនៅពេលល្ងាចវិញ គឺមានរៀបចំសម្ដែងសិល្បៈ នៅខាង កើតប្រាសាទអង្គរវត្តដើម្បីបង្ហាញនូវទស្សនីយភាពផ្សេងៗ ពាក់ព័ន្ធ ជាមួយខ្លឹមសារនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដែលបានចុះក្នុង បញ្ជី គណៈកម្មការបេតិកភណ្ឌពិភពលោក។

ចំណែកថ្ងៃទី២ គឺមានការសម្ដែងសិល្បៈពីអ្នកកំប្លែង ដោយលោក ព្រហ្ម ម៉ាញ និងរួមជាមួយការបង្ហាញនូវទស្សនីយភាពអំពីការ រស់ រានបន្តទៀតនៃក្បាច់គុនល្បុក្គតោ។ រីឯថ្ងៃចុងក្រោយ គឺមានការ រៀបចំកម្មវិធីបង្ហាញនូវល្ខោនស្បែក និងល្ខោនខោលជាដើម។ នេះជាការរៀបរាប់របស់លោក ឡុង កុសល។

លោក ឡុង កុសលថា ៖ «ព្រឹត្តិការណ៍រំលឹកអង្គរនេះ យើងធ្វើ ឡើងជារៀងរាល់ឆ្នាំ ដែលមានគោលបំណងសម្ដែងនូវការគោរព ការដឹងគុនទៅដល់បុព្វការីជនរបស់យើងគ្រប់ជំនាន់ ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត ការខិតខំសព្វគ្រប់បែបយ៉ាងនូវញើស ឈាម គាត់ដែលបានខិតខំធ្វើយ៉ាងណាកសាងនូវប្រាណប្រាសាទ ក៏ដូចជាថែទាំជួសជុសប្រាណប្រាសាទ ពីដើមរៀងមក។

ក្រៅពីនេះទៀត ជាការផ្សារភ្ជាប់នូវអតីតកាលដែលជាអត្តសញ្ញាណ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដែលជាកន្លែងបូជាសម្រាប់ខ្មែរយើង»។
លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ទាំងអស់នេះ ក៏ធ្វើដើម្បី ឱ្យយុវជនខ្មែរជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់ អំពីភព កំណើតរបស់ខ្លួន ឬ អំពីប្ញសគល់របស់ខ្លួន ហើយការយល់ដឹង អំពីប្ញសគល់របស់ខ្លួននេះ។ វាជាពង្រឹងនូវអ្វីដែលខ្លួនមាន ហើយនឹងយកអ្វីដែលខ្លួនមាននាពេលបច្ចុប្បន្ននេះ ធ្វើឱ្យកាន់ តែមានល្អប្រសើរថែមទៀតនៅថ្ងៃអនាគត។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ចំណុចទាំងនេះ ជាអ្វីៗដែល ធ្វើឱ្យប្រទេសកម្ពុជាមានមោទនភាពជាតិ ពីការស្រលាញ់របស់ យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «រាត្រីចងចាំ» នេះ ត្រូវបានប្រារព្ធ ឡើងចំនួនពីរដងរួចមកហើយ គឺពីឆ្នាំ ២០១៩ និងឆ្នាំ២០២១ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ ការសម្ដែងទស្សនីយភាពតាមអនឡាញ។ ចំណែកឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ «រាត្រីចងចាំ» នឹងត្រូវធ្វើឡើងដោយផ្ទាល់រយៈពេលបីថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕ ដោយ៖ ជា សុខនី

ads banner