អភិបាលខេត្តកណ្តាល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ដើម្បីឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

ពិធីនេះ ក៏មានការចូលរួមពី អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ ចាស់ជរា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន សរុបរួម ៣១៩គ្រួសារ ដែលប្រារព្ធធ្វើនៅវត្តព្រែកដាច់ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

សារលិខិតបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន សរុបរួម ៣១៩គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រីឬទឹកស៊ីអ៊ីវ ១យួរ, ម៉ាស ១កញ្ចប់, ជែល ១ដប និងថវិកា ១០ម៉ឺនរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner