អ្នកវិភាគ៖ ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋនៅអឺរ៉ុបប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជាចលនាផ្នែកគំនិតឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ

ភ្នំពេញ៖ អ្នកវិភាគនយោបាយបានលើកឡើងថា ការអំពាវនាវមេឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានអំនាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អ និងមិនមានប្រជាពលរដ្ឋគាំទ្រដែលវាមិនឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានរបស់ទណ្ឌិតរូបនេះ។ ជនក្បត់ជាតិរូបនេះ បានព្យាយាមធ្វើការបំផុសនៅចលនាផ្នែកគំនិតនៅក្នុងការកៀរគរឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ។ ជនក្បត់ជាតិរូបនេះ គឺហាក់បីដូចជាមិនទាន់បានដើរតួនៅក្នុងនាមជាមេដឹកនាំនៃបក្សប្រឆាំងបានទេ។

បណ្ឌិត សេក សុជាតិ អ្នកវិភាគនយោបាយបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អប៉ុន្មានទេ ពីព្រោះយើងដឹងហើយថា កម្លាំងគណបក្សប្រឆាំងនៅក្រៅប្រទេសនៅពេលដែល សម រង្ស៊ី ធ្វើម្តងហើយម្តងទៀត នៅក្នុងកម្រិតមួយដែលមិនច្បាស់លាស់ ហើយការអំពាវនាវនេះ ក៏មិនមានការគាំទ្រដែរ បើសិនជាយើងពិចារណាទៅ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាពលរដ្ឋជាច្រើនអញ្ជើញមកចូលរួមនិងគាំទ្រ ប៉ុន្តែទោះបីក្នុងករណីដែល សម រង្ស៊ី ព្យាយាមកៀរគរ ឬមួយប្រកាសឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅក្នុងពេលនេះ វាមិនមានផលជាវិជ្ជមានជាប៉ុន្មានទេ។ បញ្ហាទាំងអស់នេះមើលទៅវាមិនឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានរបស់ សម រង្ស៊ី។

អ្នកវិភាគរូបនេះបានបញ្ជាក់ថា “លោក សម រង្ស៊ី ពេលបច្ចុប្បន្ននេះ គឺបានព្យាយាមធ្វើការបំផុសនៅចលនាផ្នែកគំនិតនៅក្នុងការកៀរគរឱ្យខ្មែរប្រឆាំងខ្មែរ ខ្មែរមើលមុខគ្នានៅក្នុងនាមជាសត្រូវ។ អ្វីដែលយើងមើលនៅកន្លែងនេះ គឺហាក់បីដូចជាមិនទាន់បានដើរតួនៅក្នុងនាមជាមេដឹកនាំនៃបក្សប្រឆាំងបានទេដែលនេះជាចំណុចមួយដែលយើងកំពុងតែមើលឃើញ។ គាត់កំពុងតែស្តារប្រជាប្រិយភាពរបស់គាត់ឡើងវិញនៅក្រោយពេលដែលគាត់ទទួលរងនៅការតិះទៀនជាច្រើនពីសមាជិក នៃគណបក្សប្រឆាំងខ្លួនឯង តាមរយៈភាគីរបស់លោក កឹម សុខា។ ដូច្នេះហើយបញ្ហាទាំងអស់នេះ គឺជារឿងមួយដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់លោកសម រង្ស៊ី នៅក្នុងការបំផុស និងរៀបចំឱ្យប្រជាប្រិយភាពរបស់គាត់មានភាពល្អប្រសើរឡើងវិញ”។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

ប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិ ការ អាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន នឹងត្រូវបានរៀបចំឡើង រួមមាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។

នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។ សម្តេចតេជោ ក៏នឹងអញ្ជើញ ចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាង ក្រុមហ៊ុន Vinci Airport ។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសា អាហារការងាពេលព្រឹក ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិ ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ៕
ដោយ៖ពលជ័យ

ads banner