មន្ត្រីនយោបាយទាំងអស់ នឹងបានទទួលអត្ថប្រយោជន៍ ពីបេឡាជាតិ របបសន្តិសុខសង្គម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅពេលដ៏ខ្លីខាងមុខនេះមន្ត្រីនយោបាយទាំងអស់ នឹង បានទទួលអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)។នេះបើតាមខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្តីពី ការពង្រីក វិសាលភាពរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលនៅក្នុងវិស័យសាធារណៈ ដែលទើបតែ ត្រូវបានបេឡាជាតិរបបសន្តិសុខសង្គមអនុម័តនៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។

រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន មានប្រសាសន៍ថា ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខ សង្គមទាំងពីរផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈតាមរយៈសេចក្តីព្រាងអនុក្រឹត្យថ្មីនេះ ជាការបំពេញបន្ថែម លើចំណុចខ្វះខាតដែលមានចែងនៅក្នុងច្បាប់ស្ដីពីរបបសន្ដិសុខសង្គម។

ឯកឧត្តមបន្ថែមថា៖« ការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ ក្នុងការផ្ដល់នូវការគាំពាររបបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ ផ្សេងៗ ពី ប.ស.ស ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់ និន្នាការនយោបាយដោយគ្មានការរើសអើង ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង មន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ»។

ក្រៅពីមន្ត្រីមូលដ្ឋានអ្នកធ្វើការជាទីប្រឹក្សាជូនឥស្សរជននានា ដែល ត្រូវបានតែងតាំងដោយអំណាចនយោបាយក៏បានទទួលបសសដែរ។លោកអ៊ិតសំហេងបានស្នើឱ្យដាក់បញ្ចូល ទី១ មន្ត្រីកម្រិត នយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈស្មើអនុរដ្ឋលេខាធិការឡើង ,ទី២ទីប្រឹក្សា ឬជំនួយការដែលមានឋានៈចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា, ទី៣ សិស្សមន្ត្រីក្រមការនិងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល, ទី៤ សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី, ទី៥គរុនិស្សិតគរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ, ទី៦ មន្រ្តីសង្ឃដូចមានចែង ក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារនៅ អគ្គាធិការ ដ្ឋានពុទ្ធិកសិក្សាជាតិ និង ទី៧ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។

ទោះជាយ៉ាងណាក្ដី ទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំង ដោយពុំមានប្រាក់បំណាច់មុខងារមិនបានទទួលអត្ថប្រយោជន៍ ពីអនុក្រឹត្យនេះឡើយ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក ៧មាត្រា និងរៀបចំ ដាក់ឆ្លងជូនប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដើម្បី ពិនិត្យ និងសម្រេចនាពេលខាងមុខ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner