ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន

ភ្នំពេញ៖បន្ទាប់ពីសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនបណ្តាលមកពីសង្រ្គាមដែលធ្វើដោយប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក(ដ្រូន)ប្រឆាំងនឹងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសូមឱ្យដៃគូអន្តរជាតិទាំងអស់ចូលរួមក្នុងការអំពាវនាវនេះហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីសម្រេចគោលដៅនេះ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅវិមានអេលីហ្សេ នាទីក្រុងប៉ារីសនៅថ្ងៃទី១៣ខែធ្នូ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅវិមានអេលីហ្សេ នាទីក្រុងប៉ារីសនៅថ្ងៃទី១៣ខែធ្នូ(រូបថតផេកសម្ដេចតេជោហ៊ុនសែន)

នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំងបានគូសរំលេចឡើង វិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតីបារាំងក៏បានបង្ហាញការអរគុណនិងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុបសម្តេចបានសម្រេចចិត្តអញ្ជើញមកទី ក្រុងប៉ារីសដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែននៅក្នុងក្របខ័ណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

ឯកឧត្តមប្រធានាធិបតីក៏បានគូសរំលេចផងដែរថាការជួបជាមួយសម្តេចតេជោក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះឯកឧត្តម ម៉ាក្រុង ក៏បានអត្ថាធិប្បាយ​ផ្តល់ការកោតសរសើរកម្ពុជាចំពោះការប្តេជ្ញា ចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមប្រធានាធិបតីបានថ្លែងថានេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេស​បារាំងដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»។
ក្នុងសន្និសីទព័ត៌មាននោះ សម្តេចតេជោ បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។
បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំងនិងកម្ពុជា​។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោបានប្រាប់ឯកឧត្តមប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕ ដោយ៖ ពល​ជ័យ

ads banner