មន្ត្រីធនាគារពិភពលោកថា ការនាំចេញ តម្រូវការក្នុងស្រុក និងការវិនិយោគ ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២២

ហាណូយ៖ យោងតាមលោក Andrea Coppola សេដ្ឋវិទូនាំមុខ របស់ធនាគារពិភពលោក (WB) បានឱ្យដឹងថា លទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងឆ្នាំ២០២២ ត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងការនាំចេញ តម្រូវការក្នុងស្រុក និងការវិនិយោគឯកជន។

នៅក្នុងបទសម្ភាសន៍ដែលផ្តល់ឲ្យអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក Coppola បានពន្យល់ថា ការនាំចេញរបស់ប្រទេសវៀតណាមមានភាពរឹងមាំខ្លាំង នាពេលកន្លងមក ហើយបង្ហាញថា មានភាពធន់ រួមទាំងក្នុងអំឡុងពេលវិបត្តិ COVID-19 នៅពេលដែលការនាំចេញផលិតកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើន GDP ។

លោកបានមានប្រសាសន៍ថា “ទោះបីជាយើងរំពឹងថា កំណើននៃការនាំចេញនឹងថយចុះដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយក៏ដោយ ការនាំចេញនឹងបន្តរួមចំណែកដល់កំណើនឆ្ពោះទៅមុខ” ។

លោកបានបន្ថែមថា ការប្រើប្រាស់ក្នុងស្រុក និងការលក់រាយ គឺជាក្បាលម៉ាស៊ីននៃកំណើនដ៏មានឥទ្ធិពលសម្រាប់ប្រទេសវៀតណាម ក្នុងឆ្នាំកន្លងទៅ។ តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយការកើនឡើងនៃអតិផរណាក្នុងស្រុក ឆ្ពោះទៅមុខ ប៉ុន្តែនៅតែបន្តរួមចំណែកជាវិជ្ជមានដល់កំណើននៅឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះ ការវិនិយោគឯកជនបានដើរតួនាទីយ៉ាងសំខាន់ ដោយលោកបានកត់សម្គាល់ថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង 15% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕ ប្រភពពី Vietnamplus, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner