លិចទូកជនចំណាកស្រុក ស្លាប់មនុស្ស ៤នាក់ ចំពេលនាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសវិធានការរឹតបន្តឹងជនអន្តោប្រវេសន៍
ឡុងដ៍៖ ទូកតូចមួយដែលដឹកជនចំណាកស្រុក បានលិចនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ដែលយ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ ខណៈមនុស្ស ៤៣នាក់ផ្សេងទៀតត្រូវបានឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ឆ្មាំឆ្នេរសមុទ្រអង់គ្លេស និងកងទ័ពជើងទឹកបារាំងជួយសង្គ្រោះ។ នេះបើតាមប្រភពពីរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២។
គ្រោះថ្នាក់ខាងលើនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានបង្ហាញយុទ្ធសាស្រ្ត៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ រួមទាំងច្បាប់ថ្មី ដើម្បីហាមឃាត់ជនអន្តោប្រវេសន៍មិនឱ្យស្នាក់នៅក្នុងប្រទេសអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ មនុស្សជាង ៤០,០០០នាក់បានមកដល់ចក្រភពអង់គ្លេស តាមទូកតូចៗដ៏គ្រោះថ្នាក់ឆ្លងកាត់ច្រកសមុទ្រមួយ ដែលជាចំណុចនៃការទាស់ទែងគ្នារវាងអង់គ្លេស និងបារាំងជាយូរមកហើយ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីមួយខែមុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកំណត់ការឆ្លងកាត់ព្រំដែន៕ ប្រភព៖ ស៊ីនហួរ និង រ៉យទ័រ ដោយ៖ ទីណា និងបុត្រា