មនុស្សស្លាប់ ១៦៦នាក់ និង ២៣៧នាក់ រងរបួស ដោយសារអំពើហិង្សានៅស៊ូដង់ខាងត្បូង
ជូបា៖ រយៈពេល៤ខែចុងក្រោយនេះ យ៉ាងហោចណាស់ជនស៊ីវិល ១៦៦នាក់ត្រូវបានសម្លាប់ និង ២៣៧នាក់ផ្សេងទៀតរងរបួស ដោយសារការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Upper Nile ប្រទេសស៊ូដង់ខាងត្បូង។ នេះបើតាមការបញ្ជាក់ពីស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ក្នុងថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២។
អង្គការសហប្រជាជាតិបានឱ្យដឹងថា រដ្ឋ Upper Nile របស់ប្រទេសស៊ូដង់ខាងត្បូង បានជួបប្រទះអំពើហិង្សាចាប់តាំងពីខែសីហាកន្លងមក ដែលធ្វើឲ្យជនស៊ីវិលបង្ខំចិត្តផ្លាស់ទីលំនៅរាប់ពាន់នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី។
លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនស៊ីវិលត្រូវបានបង្ខំចិត្តផ្លាស់ប្តូរទីលំនៅរបស់ពួកគេ ដោយសារការគំរាមកំហែងនៃអំពើហិង្សា ហើយថា ការកើនឡើងអសន្តិសុខបានពន្យឺតការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតជាបន្ទាន់។
ទន្ទឹមគ្នា លោក Turk បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ហានិភ័យនៃការរីករាលដាលអំពើហិង្សាលើសពីក្នុងតំបន់ ដោយជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយភាពតានតឹង និងផ្តល់ការការពារដល់សហគមន៍ដែលរងផលប៉ះពាល់។
បន្ថែមលើនេះ លោកក៏បានអំពាវនាវដល់មេដឹកនាំសហគមន៍ និងអ្នកចាស់ទុំ ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើក្រុមដែលពាក់ព័ន្ធក្នុងអំពើហិង្សា ដើម្បីបញ្ចប់ការបង្ហូរឈាមផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


