កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានីភ្នំពេញ

ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានីភ្នំពេញ (ក.ដ.ស.ស.អ រាជធានីភ្នំពេញ) ត្រូវបានរៀបចំធ្វើនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សំ សារ៉ាត អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា រាជធានីភ្នំពេញ ជាបណ្តុំនៃសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ រោងចក្រ សហគ្រាស ការសិក្សាអប់រំ។ល។ ដែលធ្វើឲ្យតម្រូវការម្ហូបអាហារមានបរិមាណច្រើនដែលនាំចូលពីគ្រប់ទិសទី និងមានអាជីវករមួយចំនួន បានប្រើសារធាតុគីមីហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ដើម្បីទប់ស្កាត់បញ្ហាសុខភាពដែលបណ្តាលមកពីចំណីអាហារ, លោកជំទាវ ក៏បានសំណូមពរដល់គ្រប់ក្រសួង ស្ថប័នមានសមត្ថកិច្ច អនុវត្តឲ្យបានម៉ឺនម៉ាត់នូវច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ហើយប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារដែលត្រូវបរិភោក ហើយត្រូវផ្លាស់ប្តូរឥរិយាបទ មកទទួលទានអាហារដែលមានសុវត្ថិភាព អាហារចម្រុះសម្បូរសារធាតុចិញ្ចឹម និងរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។

ឯកឧត្តម សំ សារ៉ាត មានប្រសាសន៍ថា ថ្ងៃនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានីភ្នំពេញ ដើម្បីអនុវត្តអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តមបន្តថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជម្រុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ។

ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, ឯកឧត្តម សំ សារ៉ាត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសដៃគូអភិវឌ្ឍន៍ សូមបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏ដូចជា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្តនានា ដើម្បីយើងអាចបញ្ចប់ភាពស្រេកឃ្លាន ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព នៅកម្ពុជា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner