រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ៖ កម្ពុជានឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យ៉ាងតិចឱ្យបានបី នៅឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា កម្ពុជានឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យ៉ាង តិចឱ្យបានបី នៅឆ្នាំ២០២៥ ដើម្បីទាក់ទាញកំណើន វិនិយោគ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បែបនេះនាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំរបស់ក្រុមហ៊ុន Huawei ដែល មាន ការចូលរួមពីធនាគារចំនួន២០ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា ទំនើបៗ រួមនិងក្រុមហ៊ុន Fintech នានានៅក្នុងប្រទេសកម្ពុជា ដែល ពិធីនេះធ្វើឡើងសណ្ឋាគារហាយយ៉ាដ រ៉េស៊ីដិន រាជធានី ភ្នំពេញ។

ឯកឧត្តមបន្តថា ការរៀបចំនូវប្រព័ន្ធសុវត្ថិភាពទិន្នន័យ ពិតជា មានសារៈសំខាន់ណាស់ និងជាចំនុចល្អ ដែលនៅលើពិភពលោក គេគិតថា ទិន្នន័យជាមាសសរ ហើយប្រទេសណាដែលគ្រប់គ្រង ទិន្នន័យបានខ្លាំងជាងគេ ប្រទេសនោះអាចគ្រប់គ្រងពិភពលោក បាន។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីរក្សានូវសុវត្ថិភាពទិន្នន័យ កម្ពុជាមានចក្ខុវិស័យដោយបានរៀបចំនូវ Data Center មួយ ដោយជំហានដំបូងរក្សានូវទិន្នន័យក្រសួង ហើយជំហានបន្ទាប់មក និងរក្សានូវបណ្តាទិន្នន័យមួយចំនួនទៀត ដែលគិតថា ជាសុវត្ថិភាព របស់ជាតិ ដូច្នេះយើងត្រូវការថា នៅថ្ងៃក្រោយ យើងគួរតែមាន Big Data Center សម្រាប់ជាតិរបស់យើង។

ឯកឧត្តម ហេង សុគង់ បានបញ្ជាក់ទៀតថា នៅក្នុង Road map ឆ្នាំ២០៣០ កម្ពុជាបានកំណត់យកទៅលើបណ្តាបច្ចេកវិទ្យាចាំបាច់ មួយចំនួន ដែលកម្ពុជាត្រូវការ ក្នុងនោះដែរ ជំហានដំបូងក្រុម ប្រឹក្សា ជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័ត នូវបច្ចេកវិទ្យាចំនួន៣ គឺ១.បច្ចេកវិទ្យាកសិកម្ម, ២.បច្ចេកវិទ្យា សុខាភិបាល និង៣.បច្ចេកវិទ្យាអប់រំ។

ឯកឧត្តមថា ការជ្រើសរើសយកបច្ចេកវិទ្យាទាំង៣នេះមុនគេ ដោយសារយើងដឹងហើយថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បច្ចេកវិទ្យាសុខាភិបាលពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការ រួមចំណែកក្នុងការកាត់បន្ថយនៃការឆ្លងជំងឺកូវីដ១៩។

នាឱកាសនោះដែរ អ្នកជំនាញបាននិយាយថា អាជីវកម្មជាច្រើ ន អាចប្រើប្រាស់ឧបករណ៍ និងកម្មវិធីបច្ចេកវិទ្យានានា ដែលជួយ សម្រួលដល់ការងារដែលស្មុគស្មាញ និងសន្សំសំចៃពេលវេលា។ អ្នកជំនាញបានអះអាងថា បច្ចេកវិទ្យាបានផ្តល់លទ្ធភាពដល់ អាជីវកម្ម ក្នុងការការពារធនធាន រួមមានទិន្នន័យ ហិរញ្ញវត្ថុ និងព័ត៌មានសំងាត់ដែលធ្វើឲ្យក្រុមហ៊ុនមានការប្រគួតប្រជែង។ បច្ចេកវិទ្យាបានជួយការពារទិន្នន័យរបស់ពួកគេពីការលេចធ្លាយទៅកាន់ដៃគូរប្រគួតអាជីវកម្ម៕ ដោយ៖ ទីណា
