ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» នៅវិមានសន្តិភាព ដែលប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីត និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។

វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។

ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។

វិទ្យាស្ថាន ក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី។

ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន, វិទ្យាស្ថាន KSI ក៏ធ្លាប់បានផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដល់អតីតមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ។

សូមជម្រាបថា ក្នុងឋានៈជាមេដឹកនាំយូរជាងគេនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។ ស្នាដៃ និងសមិទ្ធផលនៃការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនងើបចេញពីឋានៈប្រទេសក្រីក្រ បានធ្វើឱ្យមានការទទួលស្គាល់ទាំងនៅក្នុងប្រទេស និងជាអន្តរជាតិ។

សមិទ្ធផលទាំងអស់នោះ នាំឱ្យសម្តេចតេជោ ទទួលបាននូវគោរម្យងារ ពានរង្វាន់ និងមេដាយជាបន្តបន្ទាប់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner