នៅទីបំផុត អឿន ម៉ូលីកា មេតុងទីនដ៏ល្បីល្បាញ ត្រូវចៅក្រមសើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុ កចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ដុល្លារអាមេរិក ។

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ (១៩៩៥) មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះបានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះតែម្តង។

បេីតាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ ពាក្យបណ្តឹងទី១. អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ។

បច្ចុប្បន្ននេះ ជនត្រូវចោទ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner