ករណីកើតជំងឺអាសន្នរោគនៅហ្វីលីពីន កើនឡើង ២៨២ភាគរយនៅឆ្នាំ២០២២នេះ ក្នុងនោះស្លាប់ ៦៧នាក់

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន ក្នុងថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៦៧នាក់បានស្លាប់ ដោយសារជំងឺអាសន្នរោគ ដែលជាជំងឺរាគរូសស្រួចស្រាវនៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីខែមករា ដើមឆ្នាំ២០២២ ខណៈដែលករណីកើតជំងឺនេះកើនឡើង ២៨២ភាគរយ បើធៀបនឹងឆ្នាំមុន ។

នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរកឃើញករណីកើតជំងឺអាសន្នរោគចំនួន ៥,៨៦០ករណី គិតចាប់ពីខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នាយកដ្ឋាននេះបានសន្មត់ថា ការកើនឡើងនៃករណីកើតជំងឺនេះ មានជាប់ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិដែលបានវាយលុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

នាយកដ្ឋាននេះបន្ថែមថា មនុស្សស្លាប់ដោយសារជំងឺអាសន្នរោគមានចំនួន ៦៧នាក់ដែលបានកត់ត្រាចាប់តាំងពីខែមករា ដើមឆ្នាំ២០២២នេះ កើនឡើង ០.៨ភាគរយខ្ពស់ជាងឆ្នាំមុន។

ជំងឺអាសន្នរោគ គឺជាជំងឺដែលបណ្តាលមកពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ។ ព្យុះទីហ្វុង និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត ដូចជាការរញ្ជួយដី ទឹកជំនន់ និងការបាក់ដី ជារឿយៗបានបំផ្លាញប្រភពទឹករបស់ភូមិ។

ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែវិបត្តិអាកាសធាតុនោះ ធនាគារពិភពលោកបាននិយាយថា ហ្វីលីពីនបានជួបប្រទះព្យុះទីហ្វុង ដែលមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងស្ទើរតែរៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner