ម៉ូតូទឹក៖ សហព័ន្ធទទួលបានបទពិសោធន៍ល្អៗ ពីការប្រកួតកីឡាម៉ូតូទឹក កម្រិតពិភពលោក នៅថៃ
ភ្នំពេញ៖ ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (World Cup) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ បានបញ្ចប់ដោយជោគជ័យ ខណៈកម្ពុជា ទទួលបានបទពិសោធន៍ល្អៗច្រើន ដើម្បីត្រៀមរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមប្រធានសហព័ន្ធ បានបញ្ជាក់ថា កីឡាករ៧នាក់ បានចូលរួមប្រកួតវគ្គជម្រុះ តែមានតែកីឡាករ៥នាក់ប៉ុណ្ណោះបានបន្តប្រកួតនៅជុំផ្តាច់ព្រ័ត្រ គឺមានកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ សាលី ហ្វីលីន កៃ វ៉ាន់សីដេន និងមីន អូស្មាន់។ រីឯលទ្ធផលវិញកីឡាករ សាលី អូម៉ើត ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ៤រូបទៀតមិនទទួលបានចំណាត់ទេ ដោយសារមានបញ្ហាបច្ចេកទេស ខូចម៉ូតូទឹកពេលប្រណាំង នៅជុំចុងក្រោយ ទទួលបានត្រឹមចំណាត់ថ្នាក់ទី៤ និងទី៥។
ជាមួយគ្នានេះ ឯកឧត្តម ណុះ ស្លេះ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តាការណ៍កម្រិតពិភពលោកនេះ គឺល្អប្រសើរ ដោយអ្នករៀបចំបានជួលអ្នកជំនាញតាមផ្នែកនីមួយៗ ដូចជា ផ្នែករៀបចំវេទិកា បដិសណ្ឋារកិច្ច ផ្នែកគណកម្មការបច្ចេកទេស ផ្នែកក្រុមសង្រ្គោះ ព័ត៌មាន និងផ្នែកផ្សាយផ្ទាល់ សិតសឹងជាក្រុមជំនាញកម្រិតស្តង់ដាអន្តរជាតិ ដែលមន្រ្តីបច្ចេកទេសយើងត្រូវសិក្សារៀនសូត្រ ដើម្បីយកមកសិក្សាស្វែងយល់ និងត្រៀមលក្ខណអោយបានល្អ សម្រាប់រៀបចំព្រឹត្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម ណុះ ស្លេះ បន្ថែមថា អ្នករៀបចំព្រឹត្តការណ៍ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកអាស៊ី និងអ្នកច្ចេកទេសផ្សេងទៀត បានពិភាក្សាថា World Cup Series ក៏មានចំនុចត្រូវកែលម្អខ្លះដែរ គឺវិញ្ញាសា Endurance ធ្វើអោយកីឡាករកូរ៉េមានគ្រោះថ្នាក់ ដោយសារផ្នែកក្រុមជួយសង្រ្គោះខ្វះចន្លោះ ចំនុចនេះហើយដែលយើងត្រូវរៀនសូត្រ និងយកចិត្តទុកដាក់រៀបចំអោយល្អ ដើម្បីធានាអោយរៀបចំដំណើរទៅបានល្អ មានសុវត្តិភាព និងមានភាពកក់ក្តៅចំពោះអត្តពលិក ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម និងក្រោយព្រឹត្តការណ៍ប្រសិនបើការរៀបចំស៊ីហ្គេម មិនល្អវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសជាតិយើង និងប្រភេទកីឡា។ ជាពិសេសកីឡាករខ្លាំងៗល្អៗពួកគេមិនចង់មកចូលរួម ដូច្នេះយើងចាំបាច់ត្រូវមានក្រុមជំនាញអន្តរជាតិមកពីអាមេរិក ឬអ៉ឺរ៉ុប ដែលមានសញ្ញាប័តកម្រិតអន្តរជាតិ និងបទពិសោធន៍ច្បាស់លាស់។
ឯកឧត្តម ប្រធានសហព័ន្ធ សង្កត់ធ្ងន់ថា អ្នករៀបចំព្រឹត្តការណ៍ World Cup Jet Ski Series បានចែករំលែក និងផ្តល់យោបល់ថា បើរៀបចំត្រូវធ្វើអោយល្អ ដើម្បីលើកស្ទួយវិស័យកីឡាមួយនេះ អោយឈានដល់កម្រិតអាស៊ី និងពិភពលោក នឹងអាចទទួលបានព្រឹត្តការណ៍ធំៗទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីមកទស្សនា កម្សាន្តកម្ពុជា។ ដូច្នេះសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងសហព័ន្ធម៉ូតូទឹកអាស៊ី បានឯកភាព និងសហការគ្នា ក្នុងការរៀបចំគ្រប់ព្រឹត្តការណ៍ទាំងអស់អោយបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពីអ៉ឺរុប អាមេរិក និងទ្វីបផ្សេងៗមកចូលរួមប្រកួត។
ចំនុចមួយទៀត គឺត្រូវមានសម្ភារស្តង់ដារបម្រើដល់ការប្រកួត និងផ្នែកផ្សេងៗទៀត ដូចជា មូ៉តូទឹកថ្មី ពោងបណ្តែតលើកទឹក សម្ភារជួយសង្រ្គោះ និងបរិក្ខាប្រើប្រាស់ជាច្រើនទៀត។ សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ កម្ពុជាបានបញ្ជូនកីឡាករ៧រូប និងមន្រ្តីបច្ចេកទេស៨រូបចូលរួម និងប្រតិភូដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ៕ ចាន់ វិចិត្រ