សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
សម្ដេចតេជោ បានលើកឡើងថា ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង ភូមិសាស្ត្រនយោបាយ ។
ក្នុងបរិការណ៍ដែលយើងកំពុងបន្តប្រឈមនឹងបញ្ហា និង ហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់, ដូចជា ការបន្តរាតត្បាតនៃជំងឺកូវីដ-១៩, ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រ នយោបាយ, ការគាំពារនិយម, ភាពមិនប្រាកដប្រជា នៃទស្សនវិស័យសេដ្ឋកិច្ចសកល, ការប្រែប្រួល អាកាសធាតុ, ការបន្តបន្ទច់បង្អាក់ចរ នៃខ្សែច្រវាក់តម្លៃ និង ផលិតកម្មសកល, ។
សម្ដេច សង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និង ការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាង តំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត ។
សម្ដេចបានបន្តថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។
ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និង ឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និង ការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា អាស៊ាន និង ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្មការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើន បៃតង, អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី, និង ជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និង ថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំនេះ ។ ទន្ទឹមនេះដែរ, អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផល ដែលសម្រេចបាន ក៏ដូចជា លើកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍ ក្នុងតំបន់ និង សកលលោកទាំងមូល ។ សម្ដេចសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តស្មារតីរួបរួម គ្នា ដើម្បីថែរក្សាសុខសន្តិភាព និង លើកស្ទួយការអភិវឌ្ឍជាតិ និង តំបន់ ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន ៕ ដោយ វណ្ណលុក