ទីផ្សារអចលទ្រព្យខេត្តព្រះសីហនុ ផ្ដើមងើបឡើងវិញបន្តិច ក្រោយមាន កំណើនទេសចរក្នុងស្រុក

ព្រះសីហនុ៖ ទីផ្សារអចលទ្រព្យនៅខេត្តព្រះសីហនុ ដែលធ្លាប់ ទទួល ការប៉ះទង្គិចខ្លាំងដោយសារជំងឺកូវីដ១៩ នាពេលកន្លង មក នោះ ចាប់ផ្តើមមានចលនាឡើងវិញបន្តិចម្តងៗ។ នេះបើតាមអ្នក ជំនាញដែល រកស៊ីខាងអចលនទ្រព្យនៅខេត្តនេះ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Real Estate និងជាក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពទីផ្សារអចលទ្រព្យ នៅ ខេត្តព្រះសីហនុ ហាក់មានសភាពធូរស្បើយនិងល្អប្រសើរ បន្តិច ឡើងវិញ ពិសេសក្រោយផ្លូវល្បឿនលឿនបើកឱ្យដំណើរការ ដែលនាំឱ្យសកម្មភាពទេសចរណ៍ក្នុងស្រុកទៅកម្សាន្តខេត្តនេះកាន់តែច្រើនឡើង។ លោកថា បច្ចុប្បន្ននេះវិនិយោគគិនចិនមួយចំនួន ក៏ បានចាប់ផ្តើមសាងសង់អគារដែលជាប់គាំងពីមុនឡើងវិញ គម្រោង ខ្លះក៏កំពុងសាងសង់ ខណៈគម្រោងខ្លះក៏សាងសង់បញ្ចប់ បូករួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធក៏ចាប់ផ្តើមដោះស្រាយពីបញ្ហាគម្រោងអគារជាប់គាំងក្នុងខេត្តនេះថែមទៀត។

លោកបញ្ជាក់ដូច្នេះថា៖« បើយើងប្រៀបធៀបកាលពីបិទ ប្រទេស អំឡុងកូវីដ-១៩ ពោលគឺឆ្នាំ២០២០ និងឆ្នាំ២០២១ តម្លៃដីមាន តំបន់ខ្លះមិនសូវខ្ពស់ និងមានការស្រុតចុះបន្តិចនៅតំបន់មួយចំនួន ប៉ុន្តែនៅតំបន់មួយចំនួនទៀតគឺអត់ស្រុតចុះទេ គឺនៅរក្សាតម្លៃ ដដែល ថ្វីត្បិតតែការទិញលក់មិនសូវសំបូរដូចមុនតែតម្លៃ វិញមិន ចុះប៉ុន្មាននោះទេ ដូចជាតំបន់ទីប្រជុំជនជាដើម»។

លោកថា តម្លៃដីធ្លីនៅតែមានតម្លៃខ្ពស់ ជាក់ស្តែងនៅតំបន់ល្អៗ ទីប្រជុំជន ដូចជា៖ តំបន់ឆ្នេរឯករាជរាជ្យទៅរង្វង់មូលតោ តំបន់រ ង្វល់មូលតោទៅឆ្នេរអូឈើទាល តំបន់ម្តុំសណ្ឋាគារសុខាជាដើម គឺតម្លៃខ្ពស់បំផុតចាប់ពី៣០០០-៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅតាមទំហំដីតូច ឬដីធំ។ ជាមួយគ្នានេះ តំបន់ជាយក្រុងវិញ មានតម្លៃចាប់ពី២០០០-២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយ តំបន់ចុះពីជាយក្រុងវិញ គឺមានតម្លៃចាប់ពី១០០០ដុល្លារ -១៥០០ ដុល្លារជាដើម។

ទន្ទឹមនឹងការលើកឡើងនេះដែរ អ្នកនាង រិទ្ធ ដារីកា ទីភ្នាក់ងារលក់ អចលទ្រព្យក្នុងខេត្តព្រះសីហនុ បានលើកឡើងដែរថា ពេលជំងឺ កូវីដស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ឃើញថាតម្រូវការជួល ផ្ទះ ខុនដូ និងទីតាំងដើម្បីបើកអាជីវកម្មផ្សេងៗនាពេលនេះ បាន កើនឡើងចនោ្លះពី២០ ទៅ៣០ភាគរយបើធៀបនឹងកាលពី ដើម ឆ្នាំ។

កញ្ញាបន្តថា៖«ពាណិជ្ជករចិនបានវិលត្រលប់មកខេត្តព្រះសីហនុវិញជាបណ្តើរៗ ហើយអ្វីដែលសំខាន់នោះគឺភាគច្រើននៃអ្នកចូល មក ពេលនេះគឺជាវិនិយោគិន ដែលមានទាំងអាជីវករខ្នាតតូច និង មធ្យម ដូចជាម្ចាស់ភោជនីយដ្ឋាន អារហារដ្ឋាន និងហាងលក់ ទំនិញ»។

ចំណែកឯ លោក ឈុន មករា ជាម្ចាស់ផ្ទះសំណាក់ និងអ្នករក ស៊ីក្នុវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ បានលើកឡើងដែរថា ថ្វីត្បិតថាកន្លងមកការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរ បានរួម ចំណែកដ៍សំខាន់ ជួយបង្កើនតម្រូវការជួលទីតាំង ធ្វើអាជីវកម្ម និង កន្លែងស្នាក់នៅក្តី ប៉ុន្តែបើក្រឡេកមកមើលទីផ្សារ ទិញលក់ដីធ្លី នៅ មិនទាន់មានសកម្មភាពខ្លាំងដូចទីផ្សារជួលនៅឡើយ។

លោកនិយាយថា ៖«មានវិនិយោគិនកាន់តែច្រើនឡើងៗ ចាប់ផ្តើម សាកសួរពីហាងឆេងតម្លៃដីធ្លី ដែលនេះអាចជាសញ្ញាល្អ សម្រាប់ សកម្មភាពទិញលក់នាពេលខ្លីខាងមុខ»។

គួរបញ្ជាក់ដែរថា បើតាមរបាយកាណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រយៈពេល ប្រាំបួនខែ នៃ ឆ្នាំ២០២២ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំង ប្រទេស ចំនួន ៣ ១៧៦ គម្រោង មានទុនវិនិយោគប្រមាណ ១ ៩៦៣ លានដុល្លារអាមេរិក ក្នុងនោះ បានផ្តល់លិខិតអនុញ្ញាត សាងសង់គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ ឡើង មានចំនួន ៩៨ គម្រោង ស្មើនឹង ១០០ អគារ ដែលក្នុងនោះ ខេត្តព្រះសីហនុមាន ចំនួន១១ គម្រោង។ដោយឡែក វិស័យសំណង់ក្នុងខេត្ដ ព្រះសីហនុ បើគិតចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ មានសំណង់សរុប ១ ៦៦១ គម្រោង ជាមួយ ទុនវិនិយោគ មានប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក។ ក្នុងនោះសំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមានចំនួន ៦២០ គម្រោង។

ទោះជាបែបណាក្ដីអ្នកជំនាញនៅទទួចឱ្យអាជ្ញាធររដ្ឋាភិបាលដោះស្រាយចំពោះសំណង់អគារដែលសង់មិនទាន់រួចរាប់រយកន្លែង។មន្ត្រីរាជរដ្ឋាភិបាលធ្លាប់បង្កើតក្រុមការងារដោះស្រាយបញ្ហាសំណង់សង់មិនទាន់រួចនេះ ប៉ុន្តែមិនទាន់អាចដោះស្រាយបាន នៅឡើយ ៕
ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner