អភិបាលក្រុងហុងកុងអះអាងថា នឹងមិនចុះចេញពីតំណែងឡើយ បើទោះជាការធ្វើបាតុកម្ម ហាក់មិនទាន់ថមថយកម្តៅ
ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ នាថ្ងៃអង្គារនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីមិនបានសូម្បីតែគិត អំពីការទៅពិភាក្សាជុំវិញការលាលែងពីតំណែងជាមួយរដ្ឋាភិបាលចិនដីគោក ហើយលោកស្រីបានសង្កត់ធ្ងន់ថា ជម្រើស និងគោលជំហរនៃការមិនព្រមចុះចេញពីតំណែង គឺជាការសម្រេចចិត្តរបស់លោកស្រីផ្ទាល់ ដោយពុំមានពាក់ព័ន្ធជាមួយភាគីណាផ្សេងឡើយ។
លោកស្រី ខារី ឡាំ បាននិយាយថា ក្នុងរយៈពេល០៣ខែមកនេះ លោកស្រីបានប្រាប់ខ្លួនឯងជាដដែលៗថា លោកស្រីនិងរដ្ឋបាលក្រុងហុងកុង គួរតែបន្តនៅជួយស្រោចស្រង់ទីក្រុងនេះ ដើម្បីឆ្លងកាត់នូវស្ថានការណ៍ដ៏សែនលំបាកនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ចលនាបាតុកម្មនៅទីក្រុងហុងកុងបានបន្តប្រព្រឹត្តទៅ១៣សប្តាហ៍មកហើយ ដោយគ្មានសញ្ញាថា នឹងអន់ថយវិញនាពេលណាឡើយ ស្របពេលដែលអំពើហិង្សា និងការប៉ះទង្គិចគ្នាបានកើនឡើងកាន់តែខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍មុននេះ បាតុកម្មបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតដល់មនុស្សជាង១៥០នាក់ ត្រូវបានចាប់ខ្លួន ខណៈជិត៥០នាក់ទៀតបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិស និងក្រុមបាតុករ៕ធ.ដ