ខេត្តចំនួន៣ អាចប្រឈមនឹងការលិចលង់ដោយជំនន់ទន្លេមេគង្គ នៅចុងសប្ដាហ៍នេះ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី៣កញ្ញានេះ បានឲ្យដឹងថា យោងតាមការព្យាករណ៍នៅក្នុងអំឡុងពេល៣ទៅ៥ថ្ងៃខាងមុខ ទឹកទន្លេមេគង្គលើរបស់កម្ពុជា អាចនឹងឡើងលើសពីកម្រិតប្រកាសអាសន្ន។ ស្ថានីយ៍ជលសាស្ត្រខេត្តស្ទឹងត្រែងនៅថ្ងៃទី៧កញ្ញាខាងមុខ ទឹកអាចនឹងឡើងដល់កម្ពស់១១ម៉ែត្រ៦០សង់ទីម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ១០ម៉ែត្រ៧០សង់ទីម៉ែត្រតែប៉ុណ្ណោះ។
ស្ថានីយ៍ជលសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី៨ កញ្ញាខាងមុខ ទឹកអាចនឹងកើនឡើងដល់កម្ពស់២២ម៉ែត្រ៣៥សង់ទីម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ២២ម៉ែត្រប៉ុណ្ណោះ។ ស្ថានីយ៍ជលសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី៩កញ្ញា កម្ពស់ទឹកអាចនឹងកើនឡើងដល់១៥ម៉ែត្រ២៥សង់ទីម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ១៥ម៉ែត្រ២០សង់ទីម៉ែត្រតែប៉ុណ្ណោះ។
ចំពោះស្ថានីយ៍ជលសាស្ត្របាសាក់ ចតុមុខ រាជធានីភ្នំពេញ កម្ពស់ទឹកនៅថ្ងៃសតី១០កញ្ញា នឹងកើនឡើងកម្ពស់៩ម៉ែត្រ១៥សង់ទីម៉ែត្រ ដែលស្ថិតក្រោមកម្រិតប្រកាសអាសន្ន គឺកម្ពស់១០ម៉ែត្រ៥០សង់ទីម៉ែត្រ។ ចំពោះទន្លេមគង្គក្រោម ទន្លេបាសាក់ និងបឹងទន្លេសាប កម្ពស់ទឹកក៏នឹងមានការកើនឡើងជាបន្តបន្ទាប់ផងដែរ៕ធ.ដ