លោក ឃួង ស្រេង ស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ធ្វើការវិនិយោគលើវិស័យ អចលនទ្រព្យពិសេសការស្ថាបនាផ្ទះជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្របង់រំលស់ក្នុងទឹកប្រាក់កម្រិតទាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឃួង ស្រេង បានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកាចិន ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការស្ថាបនាផ្ទះជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលស់ក្នុងទឹកប្រាក់កម្រិតទាបមួយ ដែលអាចឲ្យពួកគាត់បង់រំលស់បាន។ ការស្នើឡើងបែបនេះរបស់លោក បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក ហាកកាចិន (Hakka) នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានរៀបរាប់អំពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ចិនធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការស្ថាបនាផ្ទះជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលស់ក្នុងទឹកប្រាក់កម្រិតទាប។ លោកបញ្ជាក់ថា បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនឹងសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានការបង់ព័ន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំងដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ។ ប៉ុន្តែបើគម្រោងនេះចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវធំថ្មីតភ្ជាប់ពីតំបន់នោះចូលមករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម៤៥នាទីទៅ១ម៉ោងមកដល់ក្រុងភ្នំពេញ បានជាមួយនឹងការដឹកជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ។

លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា បានមានប្រសាសន៍លើកឡើង ដើម្បីស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រ ក៏ដូចជាផ្តល់ឱកាសវិនិយោគនៅក្នុងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា សមាគមពាណិជ្ជកម្មពិភពលោក ហាកកា មានកូនចៅរហូតដល់១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជាលោកមានចំណាប់អារម្មណ៍ និងបានដាក់ចេញជាគម្រោងចំនួន៨ ដើម្បីរកស៊ី ក្នុងនោះគម្រោងទី១ គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការហើយ នៅសល់៧គម្រោងទៀត សមាគមបាននឹងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនរកស៊ីលើអចលនទ្រព្យ កំពង់ផែ សត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគម មានគម្រោងធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យពិសេស លើការស្ថាបនាផ្ទះជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលស់ក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានី ភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា នឹងធ្វើការពិភាក្សាលម្អិតបន្ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner