រាជរដ្ឋាភិបាលកម្ពុចា សាទរ ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌូឡា ស៊ុលតង់ អាម៉ាដ ជាព្រះមហាក្សត្រទី១៦ របស់ម៉ាឡេស៊ី។ សេចក្ដីថ្លែងការណ៍រួម បានបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរបុណ្យជាតិលើកទី៦២ របស់ម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីថ្លែងការណ៍រួម នៅ០៣ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ក្នុងឱកាសបុណ្យជាតិលើកទី៦២ របស់ម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌូឡា ស៊ុលតង់ អាម៉ាដ ជាព្រះមហាក្សត្រទី១៦របស់ម៉ាឡេស៊ី»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់នូវជំនួយបណ្តុះបណ្តាល តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី ដែលបានផ្តល់ប្រយោជន៍ដល់កម្ពុជា ក្នុងការពង្រឹងវិស័យសាធារណៈ តាមរយៈការអភិវឌ្ឍធនធានមនុស្ស។
សេចក្ដីថ្លែងការណ៍រួម បានគូសបញ្ជាក់ទៀតថា «ថ្នាក់ដឹកនាំទាំងពីរឯកភាពថា យន្តការនេះ គឺមានប្រសិទ្ធភាពបំផុត ក្នុងការរឹតបន្តឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងមន្ត្រីរាជការម៉ាឡេស៊ី និងកម្ពុជា»។
ជាមួយគ្នានោះ ឯកឧត្តមនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្រប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលនូវការអញ្ជើញ ដោយសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការអញ្ជើញនេះ៕