កីឡាទោចក្រយាន ៖ យកជើងឯកថ្នាក់ជាតិ ២០២២ ជាការស្ទាបស្ទង់កម្រិតបច្ចេកទេស ទាំងអត្តពលិក មន្រ្តីបច្ចេកទេស និងទីលាន ចុងក្រោយមុនស៊ីហ្គេម ២០២៣

ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាចក្រយាន បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ គឺជាការស្ទាបស្ទង់គុណភាព បច្ចេកទេស ទាំងអត្តពលិក មន្រ្តីបច្ចេកទេស និងទីលាន ចុងក្រោយ មុន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក អគ្គលេខាធិការសហព័ន្ធ បន្ថែមថា មន្ត្រីបច្ចេកទេសកំពុងខិតខំរៀបចំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីគោលដៅចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «ការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការពង្រឹងការអភិវឌ្ឍបន្តិចម្តងៗ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ជាមួយនឹងការជួយឧត្ថម្ភថវិកា ៤២,៧៥០ដុល្លារ ពីក្រុមហ៊ុន Herbalife សម្រាប់ចំណាយលើការរៀបចំការប្រកួត ឆ្នាំ២០២២នេះ គឺដើម្បីឲ្យស្របទៅតាមលក្ខណៈស្តង់ដារការប្រកួត ខណៈប្រាក់រង្វាន់ជ័យលាភី នឹងត្រូវបង្កើនច្រើនជាងការប្រកួតឆ្នាំមុនៗ ដូចគ្នាផងដែរ»។ លោកបានបន្ថែម។

អគ្គលេខាធិការរូបនេះ សង្កត់ធ្ងន់ថា «ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២នេះ គឺជាការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិចុងក្រោយគេ មុនឈានដល់ស៊ីហ្គេម ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ និងជាការផ្តល់ឱកាសសម្រាប់ការដកពិសោធបន្ថែម របស់មន្ត្រីបច្ចេកទេសផងដែរ។ ក្នុងការប្រកួតនេះ ក៏នឹងមានការបិទផ្លូវ ក្នុងពេលប្រកួត ដើម្បីរក្សាសុវត្ថិភាពខ្ពស់ ជូនដល់កីឡាករ កីឡាការិនី ដែលចូលរួម។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធ ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ ក្នុងពេលប្រកួតទាំងអស់មេត្តាយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះការបិទផ្លូវ ការកកស្ទះខ្លះៗ ដោយសារនេះជាការប្រកួតត្រៀមឆ្ពោះទៅ ស៊ីហ្គេម ២០២៣»។

ក្រៅពីការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតត្រៀមមុន (Pre-Sea games) មួយព្រឹត្តិការណ៍ទៀត មុនដល់ស៊ីហ្គេម ២០២៣ ដោយត្រៀមធ្វើក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងការចូលរួមប្រកួតសាកល្បងពីបណ្តាប្រទេសមួយចំនួន ក្នុងអាស៊ាន ដើម្បីស្គាល់ពីស្ថានភាពផ្លូវ មុនពេលស៊ីហ្គេម មកដល់។ ក្នុងឱកាសប្រកួតត្រៀមនេះ អ្នកជំនាញមកពីប្រទេសកូរ៉េ នឹងជួយបណ្តុះបណ្តាលក្នុងពេលបោះជំរំហ្វឹកហាត់របស់កីឡាករ និងគ្រូបង្វឹក ដល់ក្រុមកង់មកពីប្រទេសកំពុងអភិវឌ្ឍដូចជា ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះ កម្ពុជា។

គួរបញ្ជាក់ថា សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ស្របពេលសហព័ន្ធ បានទទួលការឧបត្ថម្ភនូវថវិកាចំនួន ៤២,៧៥០ដុល្លារពីក្រុមហ៊ុន Herbalife សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ ជាមួយគ្នាលោក អឿ ឌីណា តំណាងក្រុមហ៊ុនដៃគូសហការរបស់សហព័ន្ធ បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា ពិសេសដើម្បីរួមចំណែកជាមួយសហព័ន្ធ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

សម្រាប់វិញ្ញាសាប្រកួតវិញ គឺបែងចែកជាកង់គួក និងកង់ភ្នំ ក្នុងនោះវិញ្ញាសាកង់គួក រួមមាន៖ ១. កង់គួកបុរសថា្នល, ២. កង់គួកបុរសឈុតធំ និង៣. កង់គួកបុរស ខណៈប្រភេទកង់ភ្នំ រួមមាន ១. កង់ភ្នំបុរសថ្នាល, ២. កង់ភ្នំបុរសឈុតធំ, ៣. កង់ភ្នំនារី និង៤. កង់ភ្នំបុរស៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner