សាលាអន្តរជាតិ Shrewsbury ពង្រីកសាខាបន្ថែមនៅ ខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖បន្ទាប់ពីទទួលបានជោគជ័យ និងការគាំទ្រពីអាណា ព្យាបាល មាតាមីតាសិស្សានុសិស្សនាពេលកន្លងមក សាលា អន្តរជាតិ Shrewsbury បានធ្វើការពង្រីកសាខាបន្ថែមទៀត នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយការផ្តល់ជូនការ អប់រំកុមារកម្ពុជាស្តង់ដារអន្តរជាតិ ។
លោក Toby Waterson នាយកស្ថាបនិកនៃសាលាអន្តរជាតិ Shrewsbury សាខាថ្មីនៅខណ្ឌជ្រោយចង្វារ បាននិយាយថា លោកពិតជាមានសេចក្តីរំភើបជាខ្លាំង ក្នុង ការបើកការដ្ឋាន សាង សង់សាខាថ្មីបន្ថែម ដែលគ្រោងនឹង ប្រែក្លាយ និង បណ្តុះបណ្តាលធនធានកុមារកម្ពុជា ។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងនាំមកនូវកម្រិត សិក្សាប្រកបទៅដោយគុណភាព គ្រឿងបរិក្ខារ និងស្ថាបត្យកម្ម នឹងមានលក្ខណៈពិសេស ជាមួយនឹងកម្មវិធីសិក្សាយ៉ាង ល្អមកពីអង់គ្លេស បូកផ្សំធនធានដែលមានបទពិសោធន៍ និងមានលក្ខណៈសម្បត្តិល្អ ។ ជាមួយគ្នានោះ សាលាអន្តរជាតិ Shrewsbury បានបង្ហាញនូវគម្រោងសម្រាប់ការស្នាក់ នៅ ក្នុងសាលា ជាកន្លែងរស់នៅដោយមានសុវត្ថិភាព មាន លក្ខណៈទំនើប និងមានកន្លែងសម្រាប់ទំនាក់ទំនងសង្គម សម្រាប់សិស្សានុសិស្ស ។
សូមបញ្ជាក់ថា សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ជាសាខាសាលា Shrewsbury School UK នៃចក្រភព អង់គ្លេស ដែលជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលា សាធារណៈ ទាំងប្រាំពីរ ដែលកត់ត្រាទុកជាសាលាសាធារណៈ ដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលា ឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ៕
ដោយ៖ គ្រី សម្បត្តិ