ប្រជាពលរដ្ឋជួបការលំបាកចំនួន១៩០គ្រួសារនៅស្រុកបុរីអូរស្វាយសែនជ័យទទួលបានអំណោយពីរាជរដ្ឋាភិបាល
ស្ទឹងត្រែង៖មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តស្ទឹងត្រែងបានរៀបចំពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីម៉េម៉ាយ ជនពិការ កុមារកំព្រា និងជន រងគ្រោះ ដោយសារគ្រោះធម្មជាតិ ផ្សេងៗចំនួន១៩០គ្រួសារ ។ពលរដ្ឋទាំងនេះមកពីភូមិវាលព្រីង និងភូមិ រិទ្ធីសែនជ័យពីរ ក្នុងឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។
ពិធីដែលបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី២០ខែធ្នូក្រោមវត្តមានឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។
នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ ថាក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែល មានមន្ទីរសង្គមកិច្ចខេត្តជាសេនាធិការបាននាំនូវអំណាយ របស់ រាជរដ្ឋាភិបាលយកមកចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ ។ អំណោយនេះរួមចំណែកដោះស្រាយការលំបាក ភាពរបស់ បងប្អូនបានមួយកម្រិត ។
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាបានឱ្យដឹងថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺជាអំណោយដែលបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ និងភួយមួយ ៕ ដោយ៖ដេង ម៉ាវីន