អគ្គនាយកសហព័ន្ធសន្តិភាពសកលអបអរសាទរប្រមុខរាជរដ្ឋាភិបាលនូវជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)
អគ្គនាយកសហព័ន្ធសន្តិភាពសកលបណ្ឌិត យ៉ុន យ៉ុងហួ បានថ្លែងស្វាគមន៍ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រសាសន៍ថ្លែងស្វាគមន៍នេះ បានធ្វើក្នុងឱកាសដែលសម្តេចតេជោ បានអនុញ្ញាត ទទួលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានរៀបចំធ្វើក្នុងរាជធានីភ្នំពេញ រវាងពីថ្ងៃទី១១ដល់១៣ វិច្ឆិកា ឆ្នាំ២០២២ ដោយមានការវាយតម្លៃពីគ្រប់អ្នកចូលរួមទាំងអស់ កោតសរសើរថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងដោយជោគជ័យក្នុងការរៀបចំស្វាគមន៍ ទទួលបណ្តាថ្នាក់ដឹកនាំជាប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការជជែកពិភាក្សា បានផ្តល់លទ្ធផលល្អប្រសើរថែមទៀត។
បណ្ឌិត យ៉ុន យ៉ុងហូ បានថ្លែងអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្រកបដោយភាព ជោគជ័យយ៉ាងត្រចះត្រចង់ ។
បណ្ឌិត យ៉ុន យ៉ុងហូ នៅបានគោរពជម្រាបជូនសម្ដេចតេជោអំពី ដំណើរការគៀងគរការគាំទ្រ ធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពសុំអនុសាសន៍ដល់ខ្ពង់ ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ បណ្ឌិត យ៉ុន យ៉ុងហូ ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាបានទទួល រៀបចំធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ាន កន្លងទៅនេះ គឺមានបញ្ហាចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារទាំងអស់ទាំង១០១ឯកសារ ដោយមិនមានការរាំងស្ទះឡើយ ។