កញ្ញា រិទ្ធី លំអរកេសរ៖ យើងអត់អាចក្បត់មនសិការខ្លួន ឯង ដើម្បី តែលុយ ឬភាពល្បីបានទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កញ្ញា រិទ្ធី លំអរកេសរ គឺជាស្ថាបនិកម្នាក់នៃ កម្មវិធី បុណ្យភូមិដែលល្បីល្បាញ។ លំអរកេសរ ក៏ជាអ្នករចនាក្រាហ្វិក (Graphic Designer) ឯករាជ្យម្នាក់ដែរ។ កញ្ញាចាប់ផ្ដើមការងារដំបូងជាពិធីការិនីអត្ថាធិប្បាយតាមវិទ្យុ គឺកំឡុងពេលនាងរៀនថ្នាក់ទី៩។

កញ្ញាបានប្រាប់ឱ្យដឹងថា៖ «ការងារដំបូងបង្អស់របស់ខ្ញុំ គឺ និយាយនៅវិទ្យុ FM 92.7 ក្នុងកម្មវិធីបង្រៀនភាសាអង់គ្លេស ជាកម្មវិធីកម្សាន្ដដែលបង្រៀនឱ្យអ្នកស្ដាប់ចេះនិយាយអង់គ្លេស បានហ្វឹកហាត់ភាសាអង់គ្លេសជាមួយនឹងខ្ញុំ»។

កញ្ញា រិទ្ធី លំអរកេសរ បានប្រាប់ពីការចូលប្រឡូកក្នុងវិស័យ សិល្បៈដូច្នេះថា៖ «ការចូលសិល្បៈ ខ្ញុំឱ្យជាដំណាក់កាល ដែលដំណាក់កាលទី១ ខ្ញុំហៅថាជាដំណាក់កាលសាកល្បង គឺក្នុងឆ្នាំ២០១២ ដែលខ្ញុំបានធ្វើចម្រៀងដំបូងបង្អស់ហើយខ្ញុំ បានច្រៀង។ ប៉ុន្តែកាលណោះខ្ញុំនៅក្មេង។ ខ្ញុំនៅសាកល្បង។ នៅស្វែងយល់ ។កាលណោះខ្ញុំមានការងារជាអ្នករចនាក្រាហ្វិក ដែលជាការងារពេញម៉ោង។ ចំណែកចម្រៀងជា ចំណង់ចំណូល ចិត្ត»។

កញ្ញាបន្តថា៖ «ខ្ញុំចូលសិល្បៈមែនទែនដែលមាន អាល់ប៊ុម ទីមួយតែម្ដង គឺនៅឆ្នាំ២០១៧។ អីចឹងឆ្នាំនោះជាឆ្នាំដែលខ្ញុំ ចាប់ផ្ដើមមានក្រុមតន្ត្រី ខ្ញុំច្រៀងជាអាជីព ហើយក៏ចាប់ផ្ដើម មកដល់សព្វថ្ងៃ»។

ចំពោះបញ្ហាប្រឈម កញ្ញាបានប្រាប់ឱ្យដឹងថា៖ «បញ្ហា លំបាក សម្រាប់ខ្ញុំកាលនោះ ខ្ញុំនៅក្មេង ។អីចឹងអ្វីគ្រប់យ៉ាង ទាំងអស់ គឺថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំក៏កើតក្នុងគ្រួសារមិនសូវធូរធារ ខ្ញុំមាន តែម្ដាយ និងបងស្រីខ្ញុំ។ ផលលំបាកគឺខ្ញុំត្រូវបែងចែកពេលវេលា ធ្វើម៉េចរកលុយឱ្យបានសម្រាប់ផ្គត់ផ្គង់ខ្លួនឯងក្នុងការរៀនទាំងវិទ្យាល័យ និងមហាវិទ្យាល័យ។ មួយទៀតត្រូវបង្រៀនខ្លួនឯងពីទំនាក់ទំនង ទាំងការរៀន និយាយ ស្ដី និងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងតាមអ៊ិនធឺណិត»។

ផ្តើមចេញពីការស្រលាញ់ និងស្គាល់ខ្លួនឯង បានជំរុញឱ្យ លំអរកេសរ ចាប់យកជំនាញសិល្បៈ។ កញ្ញា លំអរកេសរ ថ្លែងដូច្នេះថា៖ «ខ្ញុំកើតមក ខ្ញុំចូលចិត្តចម្រៀងតាំងពីក្មេង ខ្ញុំចូលចិត្តច្រៀង ចូលចិត្តតន្ត្រី តន្ត្រីបានជួយសង្គ្រោះជីវិតខ្ញុំ បាន ជួយព្យាបាលផ្លូវចិត្តខ្ញុំច្រើនមែនទែន ព្រោះនៅក្មេង ខ្ញុំជួបរឿងរ៉ាវច្រើន ពិសេសរឿងគ្រួសារ ព្រោះខ្ញុំកើតក្នុងគ្រួសារ ដែលបែកបាក់»។

ក្រៅតែពីធ្លាប់ជាសមាជិកក្នុងក្រុម Small World Small Band លំអរកេសរ ក៏ជាសហស្ថាបនិកបុណ្យភូមិ ដែល បង្កើតឡើងក្នុងឆ្នាំ២០១៤ ជាមួយនឹងបងស្រី និងមិត្តភក្តិ ពីរនាក់ទៀតដែរ។ កម្មវិធីបុណ្យភូមិ ដែលកញ្ញា រិទ្ធី លំអរកេសរ បានអះអាងថា បានក្លាយជាទីតាំងនៃការផ្សព្វផ្សាយ ល្ខោន បុរាណខ្មែរ ទីតាំងទស្សនាទស្សនីយភាពសិល្បៈនានារបស់ខ្មែរ គាំទ្រ និងផ្តល់វេទិកាដល់សិល្បករ វិចិត្រករ ដែលបានបង្កើត ស្នាដៃជាដើម។

ទាក់ទិននឹងកម្មវិធីបុគ្គលល្អឯកវិញ កញ្ញាបានបង្ហាញចំណាប់ អារម្មណ៍ថា៖ «កម្មវិធីបុគ្គលល្អឯក ជាកម្មវិធីល្អ ដោយសារតែ នៅយើងនេះ យើងពិតជាត្រូវការវេទិកាមែនទែនក្នុងការ ជជែកគ្នាចែករំលែករឿងរ៉ាវដើម្បីឱ្យបង្ហាញពីបទពិសោធ ក៏ដូចជាមេរៀនជីវិតឱ្យគ្នាទៅវិញទៅមក យើងបានជំរុញទឹក ចិត្តគ្នា និងបន្តជាមួយគ្នាទៅមុខទៀត។ អ្វីដែលល្អមួយទៀត កម្មវិធីនេះពិតជាបានបង្ហាញគ្រប់វិស័យ ទាំងវិស័យកុន វិស័យតន្ត្រី វិស័យម្ហូបអាហារ សហគ្រិន និងវិស័យផ្សេងទៀត។ អីចឹងទៅសម្រាប់អ្នកដែលស្រឡាញ់ខាងវិស័យអ្វីមួយអាចឃើញពីបុគ្គលនីមួយៗបានឆ្លងកាត់អ្វីខ្លះ នេះដូចជាការផ្ដល់នូវ កុនមួយ តែកុននេះជាការពិត។ ខ្ញុំគិតថាអស្ចារ្យ និងល្អមែន ទែន ហើយខ្ញុំចង់ឱ្យមានកម្មវិធីនេះជារៀងរហូត ដើម្បីបាន បង្ហាញវិស័យផ្សេងទៀត ក៏ដូចជាឱ្យការជជែកគ្នាពី វិស័យ នីមួយៗបានទូលំទូលាយ»។

កញ្ញា លំអរកេសរ មានចំណាប់អារម្មណ៍និងមតិផ្ដាំ ផ្ញើទៅ យុវជនថា៖ «កុំខ្លាច ហ៊ាន សាកល្បង និងឱ្យឱកាសខ្លួនឯង ទោះពីឱកាសមានហើយ យើងមិនចេះចាប់យកវា ហើយ យើងខ្លួនឯងនៅតែខ្លាច ក៏ឱកាសមួយនោះនឹងរំលងផុត។ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយសិក្សាស្វែងយល់ និងបណ្ដុះ ស្មារតី ខ្លួនឯងឱ្យខ្លាំង ហើយបង្កើនជំនឿជឿជាក់លើខ្លួន ឯងតាមរយៈការរៀន តាមការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ការចូលរួមការងារសង្គមផ្សេងៗ ធ្វើជាយុវជនស្ម័គ្រចិត្ត។ ខ្ញុំសង្ឃឹមថាយុវជនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ហើយ ហ៊ានសាកល្បងនូវអ្វីដែលខ្លួនស្រឡាញ់និងត្រឹមត្រូវ»។

ចំពោះអ្នកដែលស្រឡាញ់វិស័យចម្រៀងកញ្ញាបានផ្ដាំផ្ញើថា៖ «ខ្ញុំលើកទឹកចិត្តឱ្យទាំងអស់គ្នាសាកទៅ បង្កើតចម្រៀង មិន ចម្លង ហើយស្មោះត្រង់ជាមួយអ្វីដែលខ្លួនកំពុងធ្វើ។ ពាក្យ ពេចន៍ដែលខ្លួនកំពុងសរសេរ ហើយអ្វីដែលយើងចេញ ទៅ ហើយ គឺមិនអាចយកមកវិញបានទេ ។ដូច្នេះត្រូវច្បាស់ជាមួយ នឹងទស្សនៈខ្លួនឯង ថាចង់ក្លាយជាសិល្បករបែបម៉េច? មាន អត្តសញ្ញាណខ្លួនឯងជាសិល្បៈល្អទេ ចង់សាយភាយស្នាដៃ ខ្លួនឱ្យពិភពលោកស្គាល់ថាជាអ្វី? ។

ទាំងនេះចេញពីយើង មិនចេញពីសង្គមឬតាមសង្គមទេ។ យើងអត់អាចក្បត់ មនសិការខ្លួនឯងដើម្បីតែលុយឬភាពល្បីបានទេ។ មួយទៀត កុំភ្លេចបង្កើនសមត្ថភាពខ្លួនឯងរហូតនៅក្នុងជំនាញរបស់ខ្លួន ត្រូវតែរៀន រៀនសរសេរ រៀនតាក់តែង រៀនធ្វើភ្លេង រៀនច្រៀង ហាត់រហូត ហើយជឿលើខ្លួនឯងថាអាចប្រសើរជាងនេះទៀត។ កុំភ្លេចសម្រាកនិងថែទាំសុខភាពខ្លួនឯង ទោះបីជាភាព ជោគ ជ័យមានដល់កម្រិតណាក៏ដោយ ស្រឡាញ់សុខភាព ខ្លួនឯង ឱ្យបានច្រើន និងគួរចំណាយពេលនៅជាមួយមនុស្សខ្លួន ស្រឡាញ់ដូចជាក្រុមគ្រួសារ មិត្តភក្ដិ ជាពិសេសមនុស្សសំខាន់ ក្នុងជីវិតរបស់យើង»៕
ដោយ៖ ហ៊ួន ស៊ីឡូន

ads banner